(ភ្នំពេញ)៖ មច្ចុរាជលើដងវិថីបានឆក់ផ្តាច់សង្ខាបុរសម្នាក់ដោយឥតក្តីមេត្តាទុក្ខឲ្យគូដណ្តឹងស្រស់សោភាយំសោកបោកប្រាណដូចអកព្រាត់គូ ខណៈពួកគេសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ ត្រូវចូលរោងជ័យក្រាបផ្ទឹមសំពះផ្កាស្លាទៅហើយនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដែសនវិយោគនេះ បានកើតឡើងនៅម៉ោងជាង ១រំលងអាធ្រាត្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបខ្លួន រួមនឹងជនរងគ្រោះឈ្មោះ និល សីហា បានជិះម៉ូតូត្រឡប់ពីចែកសំបុត្រអាពាហ៍ពិពាហ៍ ដោយជនរងគ្រោះជាអ្នកឌុប។ លុះជិះមកដល់ចំណុចកើតហេតុ ស្ថិតនៅច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ៣ ស្រាប់តែទាក់ដៃចង្កូតជាមួយរុឺម៉កបណ្ដាលឲ្យដួលម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយ កិនចំក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងតែម្តង។
គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យបុរសជាមិត្តភក្តិដែលអង្គុយពីក្រោយបានសន្លប់មួយសន្ទុះទើបដឹងខ្លួនវិញ។ ក្រោយកើតហេតុទាំងភាគីរថយន្តកិនជនរងគ្រោះ និងរុឺម៉ក ដែលបើកប៉ះចង្កូតម៉ូតូជាមួយជនរងគ្រោះ បានព្យាយាមបើកគេចខ្លួនបាត់ស្រមោលពីកន្លែងហេតុ។
បុរសពីរនាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយនឹងរម៉កបណ្ដាលឲ្យដួលត្រូវរថយន្តមកពីក្រោយកិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៍និងម្នាក់ទៀតរបួសស្រាល ហេតុការណ៍នេះបានបង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងនាវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យក្រុងភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានអាយុ ២៧ឆ្នាំ មុខរបរ គ្រូបង្វឹកល្បុក្កតោ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គូដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
គូស្នេហ៍អភ័ព្វខាងលើពួកគេនឹងត្រូវដឹកដៃចូលរោងជ័យសំពះក្រាបផ្ទឹមទទួលពរជ័យពីមេបានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ពោលនៅសល់រយៈពេលតែ១៧ថ្ងៃទៀតប៉ុណ្ណោះ។ នៅកន្លែងកើតហេតុគេបានឃើញនារីជាគូដណ្តឹងបានយំឱបជនរងគ្រោះយ៉ាងសោកសង្រេងបង្ហាញទំហំស្តាយស្រណោះយ៉ាងធំធេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីពិនិត្យ និងប្រគល់សពឲ្យទៅសាច់ញតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕