(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅថ្មីនេះ បានសម្រេចតែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន។
សមាសភាពថ្មីនៃអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនេះ មានលោកទេសរដ្ឋមន្ត្រី ឃុន ហាំង ជាអនុប្រធានប្រចាំការ និងមានសមាជិកចំនួន២០រូបផ្សេងទៀត ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៨។ ក្នុងនោះអភិបាលរាជធានី-ខេត្ត ក៏ជាសមាជិកនៃអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះផងដែរ។
ក្រៅពីសភាពជាក្បាលម៉ាស៊ីនដឹកនាំខាងលើនេះទៅ រាជរដ្ឋាភិបាលក៏បានតែងតាំងសមាសភាពចំនួន ២៥រូបផ្សេងទៀតជាអគ្គលេខាធិការ អគ្គលេខាធិការរង និងជាសមាជិក នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គឺជាអាជ្ញាធរមួយដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០៦/០៩៧ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦។ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបង្កើតឡើង ដើម្បីកាត់បន្ថយអតិបរមា និងឈានទៅលុបបំបាត់ចោលទាំងស្រុងនូវបញ្ហាជម្លោះដីធ្លី។
មាត្រា៣ នៃព្រះរាជក្រឹត្យនេះបានកំណត់អំពីតួនាទី សិទ្ធិអំណាច និង បេសកកម្មរបស់អាជ្ញាធរជាតិដូចទៅ៖
- ទប់ស្កាត់ និងកាត់បន្ថយទំនាស់ដីធ្លី តាមរយៈការអប់រំផ្សព្វផ្សាយឲ្យសាធារណជន យល់ដឹងអំពីផលវិបាកបណ្តាលមកពីទំនាស់ដីធ្លី និងមានវិធានការដាក់ពិន័យចំពោះជនល្មើសដែលបានរំលោភបំពានលើបញ្ហាដីធ្លី ដោយខុសច្បាប់ជាធរមាន
- ទទួលសំណុំរឿងទំនាស់ដីធ្លី ដែលហូសពីសមត្ថកិច្ចគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងទទួលពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទំនាស់ដីធ្លី
- ស្វែងយល់ ស៊ើបអង្កេត និងដោះស្រាយទំនាស់ដីធ្លី
- ឃ្លាំមើលការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់
- ធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃការដើស្រាយទំនាស់ដីធ្លី ជូនប្រមុខរាជរដ្ឋាភិបាល៕