(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលម្នាក់ដែលថតកាំភ្លើងវែងខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា នគរបាលដែលថតសំញែងកាំភ្លើង AK និងកាំភ្លើងខ្លីទំនើបនៅក្នុងរថយន្ដម៉ាក RangRover ខាងលើត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន នៅចំណុចស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើមគ្រាប់ ៦គ្រាប់ ព្រមទាំងរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ2u-0199។
យ៉ាងណាក៏ដោយ ជុំវិញមូលហេតុនៃការថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ពីសំណាក់មន្ដ្រីនគរបាលខាងលើ មិនទាន់មានការបញ្ជាក់អំពីមូលហេតុនៅឡើយទេ។ ប៉ុន្ដែសកម្មភាពខាងលើត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែកចាយជាបន្ដបន្ទាប់ និងផ្ទុះការរិះគន់ជាខ្លាំងផងដែរ៕