(ភ្នំពេញ)៖ ដោយសារតែគ្រឿងចក្រកសិកម្ម បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកកម្ពស់គុណភាព កសិកម្មនៅកម្ពុជានោះ នាថ្មីៗនេះ ក្រុមហ៊ុនគូបូតាកម្ពុជា បានសហការជាមួយ សកលវិទ្យាល័យមានជ័យ បង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា (KUBOTA Technical Education Center (KTEC)) មួយក្នុងគោលបំណងឱ្យនិស្សិតអាចអភិវឌ្ឍជំនាញកសិកម្មរបស់ពួកគេ ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត ដើម្បីផ្តល់ចំណេះដឹង និងជំនាញក្នុងការថែទាំជួសជុលគ្រឿងចក្រកសិកម្ម។
លោក ឆាលើមឆ័យ គិតិប័ណ្ណថន នាយកគ្រប់គ្រងក្រុមហ៊ុន គូបូតាកម្ពុជា បានថ្លែងថា គូបូតាបានចុះហត្ថលេខាទៅលើអនុសារណៈនៃការយោគយល់គ្នា ជាមួយសកលវិទ្យាល័យមានជ័យ ដើម្បីអភិវឌ្ឍការអប់រំជំនាញគ្រឿងចក្រកសិកម្មឱ្យមានប្រសិទ្ធភាព ដែលស្ថិតក្រោមគម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស គ្រឿងចក្រកសិកម្មគូបូតា។
សិក្ខាកាមទាំងអស់ និងទទួលបានការបណ្តុះបណ្តាល ទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ នូវជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា ស្របតាមស្តង់ដារគូបូតា ជាមួយនឹងគ្រឿងយន្តកសិកម្មជាក់ស្តែង និងគ្រឿងបរិក្ខារផ្សេងៗ ដែលក្រុមហ៊ុនគូបូតាបានឧបត្ថម្ភដល់ពួកគេ។ សិស្សានុសិស្សក៏អាចអនុវត្តដោយផ្ទាល់ ជាមួយសម្ភារបច្ចេកទេស ដែលក្រុមហ៊ុនបានប្រគល់ជូន ដើម្បីបង្កើនបទពិសោធន៏ជាក់សែ្តង ដែលអាចយកទៅប្រកបការងារបាន។ សម្ភារទាំងអស់នេះ និងក្លាយជាប្រយោជន៍ក្នុងការកសាងធនធានមនុស្ស ប្រកបទៅដោយគុណភាពផ្នែកកសិកម្ម សំរាប់ប្រទេសជាតិតទៅពេលអនាគត។
លោក អ៊ុ រាត្រី សាកលវិទ្យាធិការនៃសកលវិទ្យាល័យមានជ័យ បានឱ្យដឹងដែរថា សកលវិទ្យាល័យបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្រៀនមុខជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្ម។ ជាការរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនគូបូតាកម្ពុជា បានទទួលស្គាល់សារសំខាន់នៃការអភិវឌ្ឍ ការអប់រំជំនាញបច្ចេកទេសគ្រឿងចក្រ កសិកម្មកំរិតសាកលវិទ្យាល័យ ដែលធ្វើឱ្យនិស្សិតបានសិក្សា និងអនុវត្តន៍ជំនាញនៃការថែទាំ ជួសជុលគ្រឿងចក្រកសិកម្មរបស់ពួកគេ ហើយនេះគឺផ្នែកមួយនៃការគាំទ្រ និងពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
គំរោងមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា គឺជាការរួមសហការគ្នា នៃក្រុមហ៊ុនស្យ៉ាមគូបូតា និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង គឺជាមជ្ឈមណ្ឌលវិជ្ជាជីវៈដំបូង ដែលបានបង្រៀនជំនាញគ្រឿងចក្រកសិកម្ម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស លើជំនាញគ្រឿងចក្រកសិកម្ម ប្រកបដោយគុណភាព និងលើកកម្ពស់ស្តង់ដារ នៃការអប់រំក្នុងវិស័យគ្រឿងចក្រកសិកម្ម ឱ្យស្របតាមស្តង់ដារសាកល។
សម្រាប់គោលការណ៍អាជីវកម្មរបស់ក្រុមហ៊ុនស្យ៉ាមគូបូតា គឺមិនត្រឹមតែផ្តោតទៅលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បចេ្ចកវិទ្យាគ្រឿងចក្រកសិកម្ម ដើម្បីបំពេញតំរូវការប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលការណ៍ ក្នុងការចូលរួមចំណែកជួយដល់សង្គម ទាំងការអប់រំ យុវជន និងសង្គមជាបន្តបន្ទាប់ផងដែរ៕