(ភ្នំពេញ)៖ ប្រធានប្តូវេននៃក្រុមហ៊ុន Huawei លោក Ken Hu បានធ្វើសន្និសីទកាសែតជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុង Dongguan ភាគខាងត្បូងនៃប្រទេសចិន ហើយនេះក៏ជាលើកដំបូងដែល មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៃក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញស្តីអំពីសម្ភារ ដែលបង្កើតឡើងសម្រាប់ប្រព័ន្ធបច្ចេកវិទ្យា
5G និងប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត ដោយមានការចូលរួមពីសំណាក់ស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយពីសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងអាស៊ី ចំនួន២២ស្ថាប័ន។
លោកហ៊ូ បានផ្តល់សារដ៏រឹងមុតមាំប្រកបដោយភាពជឿជាក់ លើការរីកចម្រើនរបស់ក្រុមហ៊ុន Huawei និងបានលើកឡើងពីទំនុកចិត្តរបស់ប្រតិបត្តិករជាច្រើន ដែលស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុន ក្នុងបញ្ជី Fortune 500 និងអតិថិជនរាប់រយលាននាក់។ ដោយក្នុងឆ្នាំ២០១៨ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលនឹងកើនលើស១០០ ពាន់លានដុល្លារ ។
ទន្ទឹមនឹងនោះ លោកបានលើកឡើងទាក់ទងទៅនឹងការចោទប្រកាន់ប្រឆាំងនឹងក្រុមហ៊ុន Huawei ថា វាជាការល្អបំផុត ក្នុងការបញ្ជាក់ឱ្យច្បាស់លាស់ក្នុងរឿងនេះ
ខណៈពេលក្រុមហ៊ុនត្រូវបានកត់ត្រាថាជា ក្រុមដែលស្អាតស្អំទាក់ទងនិងប្រព័ន្ធសុវត្តិភាព ដែលជាង៣០ឆ្នាំមកនេះ ក្រុមហ៊ុនមិនដែលមានបញ្ហាធ្ងន់ធ្ងរ ស្តីអំពីបញ្ហាសន្តិសុខតាមអ៊ីនធឺណេតនោះឡើយ។
ក្នុងឱកាសនោះ លោក Ken Hu ក៏បានសង្ខេបអំពីបច្ចេកវិទ្យា 5G និងប្រព័ន្ធសុវត្តិភាពលើអ៊ីនធឺណេតថា «នៅលើបច្ចេកវិទ្យា 5G នេះ ក្រុមហ៊ុន Huawei បានចុះកិច្ចសន្យាពាណិជ្ជកម្មចំនួន២៥ ជាមួយដៃគូ ជាប់ចំណាត់ថ្នាក់លេខ១ ដោយបានដឹកជញ្ជូនឧបករណ៍នៃបច្ចេកវិទ្យា 5G ជាង ១០,០០០ស្ថានីយ៍ហើយ ។
អតិថិជនទាំងអស់ បានបញ្ជាក់ថា ពួកគេចង់ឱ្យក្រុមហ៊ុន Huawei ក្លាយជាក្រុមហ៊ុននាំមុខទីផ្សារ ដែលមានឧបករណ៍ដ៏ល្អបំផុត យ៉ាងហោចណាស់ ក្នុងអំឡុង១២ ទៅ១៨ ខែខាងមុខ សម្រាប់ការពន្លឿន និងការចំណាយប្រកបដោយប្រសិទ្ធិភាពទៅលើបច្ចេកវិទ្យា5G នេះ ។ការព្រួយបារម្ភផ្នែកសន្តិសុខមួយចំនួន លើបច្ចេកវិទ្យា 5G គឺសមស្របនិងច្បាប់ ប៉ុន្តែអាចត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ ឬកាត់បន្ថយតាមរយៈការសហការជាមួយប្រតិបត្តិករនិងរដ្ឋាភិបាល»។
លោកបន្ដថា ការព្រួយបារម្ភផ្នែកសន្តិសុខផ្សេងទៀត ដែលត្រូវបានលើកឡើងថា ជាលេស ដើម្បីទប់ស្កាត់ការប្រកួតប្រជែងទីផ្សារ នឹងពន្យឺតការអនុម័តបច្ចេកវិទ្យាថ្មី
បង្កើនការចំណាយសម្រាប់ការដាក់ពង្រាយបណ្តាញ និងបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់។ ចំពោះសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត វាគឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន។
លោក HU បានបើកចំហចំពោះសំណួរ អំពីការកសាងមជ្ឈមណ្ឌលវាយតម្លៃសន្តិសុខ តាមអ៊ីនធឺរណែត នៅតាមបណ្តាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងអូស្រ្តាលី ហើយក៏បានបញ្ជាក់អំពីមជ្ឈមណ្ឌល នៅចក្រភពអង់គ្លេស កាណាដា និងអាឡឺម៉ង់ថា វាគឺជាដំណោះស្រាយ និងការកាត់បន្ថយការព្រួយបារម្ភ ទាក់ទងទៅនិងបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
ប្រធានប្តូវេននៃក្រុមហ៊ុន Huawei «ក្រុមហ៊ុនបានទទួលការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត ដោយនិយតករ និងអតិថិជន ខណៈដែលក្រុមហ៊ុន យល់ពីកង្វល់នេះ។ ទោះជាយ៉ាងណាក៏ដោយ ពុំមានភស្តុតាងណាមួយបង្ហាញថា ឧបករណ៍របស់ក្រុមហ៊ុន បង្កការគំរាមកំហែងដល់សន្តិសុខឡើយ។ ក្រសួងការបរទេស នៅក្នុងប្រទេសចិន ក៏បានបញ្ជាក់ជាផ្លូវការថា គ្មានច្បាប់ណាមួយដែលតំរូវឱ្យក្រុមហ៊ុន បង្កើតច្រកទ្វារក្រោយ សម្រាប់យកទិន្នន័យនោះទេ។ ក្រុមហ៊ុនបើកចំហចំពោះការព្រួយបារម្ភ អំពីតម្លាភាព និងឯករាជ្យភាព ក៏ដូចជាការពិភាក្សា។
តាមក្រុមហ៊ុន Huawei បានបញ្ជាក់ថា ក្នុងឱកាសនោះ លោក HU ក៏បានលើកឡើងចំពោះសំនួរទាក់ទងទៅការឃាត់ខ្លួនលោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei លោកហ៊ូ បានតបថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ដោយសារតែជារឿងដែលកំពុងស្ថិតនៅក្នុងដំណើរការនៃច្បាប់ ដោយឡែកករណីនេះ មិនមានផលប៉ះពាល់ដល់ផែនការ និងដំណើរការរបស់ក្រុមហ៊ុនទេ។ ក្រុមហ៊ុន Huawei មានទំនុកចិត្តយ៉ាងខ្លាំង លើការគោរពច្បាប់ពាណិជ្ជកម្មរបស់ខ្លួន ដែលបានដំណើរការតាំងពីឆ្នាំ២០០៧ ហើយក្រុមហ៊ុនក៏មានទំនុកចិត្ត លើភាពយុត្តិធម៌ និងឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកដូចគ្នា៕