(ក្រចេះ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី នីតិវិធីនៃការរៀបចំផែនការ ប្រើប្រាស់ដីធ្លីថ្នាក់ឃុំ-សង្កាត់ចំនួន២ គឺឃុំអូរគ្រៀង ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រយៈពេល៥ថ្ងៃ ក្រោមជំនួយថវិការបស់រដ្ឋាភិបាល ប៊ែល ហ្សិក តាមរយៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថា អង្គការ WWF-កម្ពុជា។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយមានការចូលរួមពី លោកអភិបាល អភិបាលរងស្រុក ប្រធានការិយាល័យភូមិបាលស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកមេឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ ឃុំ អូរគ្រៀង និង ឃុំជ្រោយបន្ទាយ។
លោកបណ្ឌិត កៅ ម៉ាឌីឡែន បានលើកឡើងថា ក្នុងការសម្រេចគោលដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចល្អ រាជរដ្ឋាភិបាលតម្រង់ទិស នូវការខិតខំក្នងការងារដីធ្លីលើជ្រុង៣រួមមាន ទី១៖ ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី, ទី២៖ រៀបចំដែនដី និងការគ្រប់គ្រង ធនធានធម្មជាតិ ដោយសមធម៌ និងដោយចីរភាព, ទី៣៖ អនុវត្តការបែងចែកដោយសមធម៌។
លោកបណ្ឌិត បានបន្ដថា រាជរដ្ឋាភិបាលអាណត្តិទី២ បានបង្កើតឲ្យមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាគោលនយោបាយដីធ្លី ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យទិសដៅទាំងបី នៃការងារដីធ្លីនេះ ដំណើរការបានដោយមានការសម្របសម្រួលពីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងការប្រើប្រាស់ដី។
បន្ទាប់ពីមកលោក ចាន់ គង់ អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទទួលបន្ទុកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម បានធ្វើការបង្រៀនដល់សិក្ខាកាម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងមានមេរៀនចំនួន១៤មេរៀន ដើម្បីឲ្យសិក្ខាកាមទាំងអស់ យល់ពីនីតិវិធី នៃការរៀបចំផែនការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី និងច្បាប់គតិយុទ្ធនានា ក្នុងការអនុវត្តសកម្មភាព។
លោកបណ្ឌិត កៅ ម៉ាឌីឡែន បានបន្ថែមថា ការរៀបចំផែនការប្រើប្រាស់ដីធ្លី គឺជាដំណើរការ នៃការធ្វើផែនការ ដែលចាប់ផ្ដើមពីភូមិ ដោយមានអ្នកភូមិនានា និងភាគីពាក់ព័ន្ធដទៃទៀត ចូលរួមកំណត់ព្រំប្រទល់ភូមិ និងធ្វើការប្រើប្រាស់ការពារ និងធ្វើការបែងចែកនូវរាល់ផ្ទៃដី និងផ្ទៃទឹកទាំងអស់ ដែលមាននៅក្នុងភូមិរបស់ខ្លួន។
លោកបណ្ឌិត បន្តថា ដំណើ់រការនេះ នឹងកំណត់អំពីស្ថានភាព អចលនទ្រព្យ (ដីធ្លី) នាពេលបច្ចុប្បន្ន ហើយធ្វើសេចក្ដីសម្រេចចិត្តលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីនាពេលអនាគត ហើយក្នុងដំណើរការ ចូលរួមរៀបចំផែនការប្រើប្រាស់ដីធ្លី អ្នកភូមិ និងភាគីពាក់ព័ន្ធដទៃទៀត និងត្រូវបានជួយដោយសម្របសម្រួលអព្យាក្រិត្យ ថ្នាក់ខេត្ត-ស្រុក និងតំណាងឃុំ-សង្កាត់៕