(កំពង់ស្ពឺ)៖ បន្ទាប់ពីឡើងឆាកដំបូង នៃការប្រគំតន្ត្រី Rock the Nation (រ៉ក ឌឹនេសិន) ពីស្រាបៀរកម្ពុជា ដែលរៀបចំឡើង ក្នុងទីរួមខេត្តកំពង់ស្ពឺ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងល្បីប្រចាំកម្ពុជា បានបង្ហាញពីភាពសប្បាយរីករាយ និងការជោគជ័យយ៉ាងខ្លាំង ក្នុងការប្រគំតន្រ្ដីបែបរ៉កលើកដំបូង។
កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា «នាងខ្ញុំមានអារម្មណ៍ថា ហត់បន្តិចក៏ពិតមែន ប៉ុន្ដែនាងខ្ញុំសប្បាយរីករាយណាស់ ដោយសារតែចង្វាក់ភ្លេងបែបរ៉ក ជាចង្វាក់បែបកន្ទ្រាក់ ធ្វើឲ្យនាងខ្ញុំមានអារម្មណ៍កាន់តែសប្បាយ ហើយបំភ្លេចការនឿយហត់ ហើយការច្រៀងជាមួយក្រុមភ្លេងផ្ទាល់នេះ ធ្វើឲ្យនាងខ្ញុំមានកម្លាំង រីឯការសំដែងវិញកាន់តែមានភាពរស់រវើក បើទោះជាបទចម្រៀងបែបរ៉កក្តី»។
កញ្ញាបន្តថា ការច្រៀងចម្រៀងចង្វាក់រ៉កនេះ មិនមានអ្វីជាការលំបាកឡើយ ព្រោះនេះក៏ជាចំណងចំណូលចិត្តយូរណាស់មកហើយ។
កញ្ញាថា «មុននឹងមកសំដែងនាងខ្ញុំ បានហាត់សមទុកជាមុនផងដែរ ព្រោះការប្រគំតន្រ្តីបែបរ៉កសុទ្ធជាការងារដំបូង»។
កញ្ញាបន្ថែមថា «ខ្ញុំយល់ថាតន្រ្តី Rock the Nation នេះទទួលបានភាពជោគជ័យខ្លាំងដោយសារតែ ទស្សនិកជនចាប់អារម្មណ៍ច្រើន ហើយអ្នកខ្លះទៀតក៏ស្រែកច្រៀង និងបង្ហាញកាយវិការទៅតាមបទចម្រៀងចង្វាក់រ៉ករបស់នាងខ្ញុំ ឡើងសប្បាយតែម្តង»។
លោក អ៊ឹង សុខលី ផលិតករកម្មវិធីប្រគំតន្ត្រី Rock the Nation បានឲ្យដឹងថា «សម្រាប់ខ្ញុំកម្មវិធី Rock the Nation វាជាការប្រគំប្លែកជាងការប្រគំតន្ត្រីណាៗទាំងអស់ ដោយសារតែការច្រៀង និងសម្តែងតម្រូវឲ្យទៅជាចង្វាក់បែបរ៉ក តាំងពីដើមដល់ចប់»។
លោកបន្តថា ការលំបាកក្នុងការរៀបចំកម្មវិធីនេះ គឺរាល់បទចម្រៀងដែលត្រូវយកមកច្រៀង ត្រូវតម្រូវឲ្យកែទំនុកភ្លេង ទៅជាចង្វាក់រ៉កទាំងអស់ ហើយតារាងចម្រៀងនីមួយៗ ត្រូវហាត់សមច្រើនជាងបទចម្រៀងផ៉បធម្មតា សូម្បីតែសម្លៀកបំពាក់ក៏តម្រូវឲ្យត្រូវតាមបទចម្រៀងរ៉កផងដែរ។
លោកបញ្ជាក់ថា «ការលំបាកខាងលើមិនបានរាំងស្ទះ ដល់ភាពជោគជ័យនៃកម្មវិធីនេះឡើយ ព្រោះតាមការសង្កេតមើល ការសម្តែងរបស់តារាចម្រៀងនីមួយៗ គឺពួកគេធ្វើបានល្អណាស់ទាំងអ្នកច្រៀង និងអ្នកលេងភ្លេង ធ្វើឲ្យឆាកតន្រី្តទាំងមូលពោលពេញ ដោយភាពសប្បាយរីករាយ»។
លោកបន្ថែមថា «ដោយឡែកសម្រាប់អ្នកចូលរួម បើមើលទៅលើទឹកមុខ និងកាយវិការរបស់ទស្សនិកជន នៅមុខឆាកខ្ញុំយល់ថា ពួកគេពិតជាចាប់អារម្មណ៍ ជាមួយកម្មវិធីប្រគំតន្រ្តីដ៏ប្លែកមួយនេះ ហើយសប្បាយរីករាយ ជាមួយការសម្តែងរបស់តារាចម្រៀងនីមួយៗ ជាងការប្រគំតន្រ្តីផ្សេងៗកន្លងមក»។
លោក សុធារ៉ា ទស្សនជនដែលបានចូលរួម ក្នុងការប្រគំតន្ដ្រី និងអ្នករស់នៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា «ពីមុនមកខ្ញុំមិនដែលឃើញឆាកតន្រ្តីណាស្អាតអីចឹងទេ ហើយសម្រាប់តារាចម្រៀងម្នាក់ៗ ស្លៀកពាក់ឡើងកាលីប ចំណែកការច្រៀងវិញក៏ល្អមិនធម្មតាផងដែរ»។
លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានឲ្យដឹងថា «ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងជាមួយលទ្ធផល នៃការប្រគំតន្រ្តីបែបរ៉កជាលើកដំបូង ពីស្រាបៀរកម្ពុជានេះ និងសូមអរគុណ ដល់ក្រុមការងារ និងសិល្បករ-សិល្បការនីទាំងអស់ ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការនាំមកនូវភាពសប្បាយរីករាយ ដល់ទស្សនិកជន»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុន បុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕