(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការទទួលទានភេសជ្ជៈផ្អែម បណ្តាលឲ្យយើងមានជំងឺជាច្រើន។ លោកថា នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល មានករណីជំងឺមិនឆ្លងច្រើន ដែលជាការគួរឲ្យបារម្ភ របស់អ្នកឯកទេសសុខភាពសាធារណៈ។
ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត បានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពី «បញ្ជ្រាបចំណេះដឹង អំពីកាត់បន្ថយញាំភេសជ្ជៈផ្អែម» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលសិក្ខាកាមអញ្ជើញមកពី ក្រុមប្រឹក្សាសង្កាត់ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព ស្ថិតនៅខណ្ឌទួលគោក និងដូនពេញសរុប១១៦រូប។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា «ពាក់ព័ន្ធនឹងរបររកស៊ី ដែលពាណិជ្ជកម្មភេសជ្ជៈផ្អែមនេះ បានរីកដុះដាលយ៉ាងខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋយើង មិនសូវយល់ដឹង គាត់ភ្លេចខ្លួន និងលង់លក់ចង់បាននូវអំណោយ និងរង្វាន់ពេក ធ្វើឲ្យពួកគាត់ប្រព្រឹត្ដតាម ដើម្បីស្វែងរករង្វាន់។ ដូច្នេះក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បារម្ភពីបញ្ហាទាំងអស់នេះ ដោយថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បញ្រ្ជាបការយល់ដឹង នេះជាជំហានទី១ ហើយក៏ជាលើកដំបូងនៅកម្ពុជា ដែលបង្ហាញនូវចំណេះដឹង ជូនដល់ប្រជាពលរដ្ឋជាសាធារណៈ ដែលពីមុនយើងដឹងតែក្នុងរង្វង់មន្រី្តសុខាភិបាលប៉ុណ្ណោះ»។
ជាមួយគ្នានោះដែរ លោកស្រី សក់ ចិន្តារី នាយិការងរដ្ឋបាល រាជធានីភ្នំពេញ បានលើកឡើងថា គណៈកម្មការសុខុមាលភាពរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្ពស់ លើការអនុវត្តសុខុមាលភាពរាជធានីភ្នំពេញ ដោយបញ្រ្ជាបការយល់ដឹង ពីការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម តាមរយៈការដាក់តាំងបង្ហាញលើផ្ទាំងប៉ាណូធំៗ តាមមហាវិថី ការចាក់ផ្សាយវីដេអូអប់រំ ផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គមមួយចំនួនផងដែរ។
លោកស្រីបន្ដថា «នេះគឺជាការចូលរួមសហការគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងក្រសួងសុខាភិបាលកន្លងមក ហើយនេះ គឺជាសកម្មភាពមួយ នៃភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង ដែលជាបណ្តាញពិភពលោក នៃទីក្រុងខិតខំកាត់បន្ថយជំងឺមិនឆ្លង និងរបួស។ ពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃកម្ពុជា បានធ្វើឲ្យមានការរីកលូតលាស់ និងសម្រេចបានយ៉ាងលឿនលើគ្រប់វិស័យ»។
នាយិការងរដ្ឋបាលរូបនេះ បានបញ្ជាក់ទៀតថា ក្នុងនោះវិស័យសុខាភិបាល លើបញ្ហាសុខភាព ជាការងារចម្បង ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាត់បន្ថយនូវហានិភ័យផ្សងៗ នៃជំងឺមិនឆ្លង និងរបួសដោយតាមគ្រឹះស្ថានសិក្សា មានកន្លៃងសម្រាប់ឲ្យសិស្សានុសិស្ស លាងសម្អាតដៃ ឲ្យបានស្អាត ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ ហើយការទទួលទានភេសជ្ជៈផ្អែមលើសច្រើន អាចបណ្តាលឲ្យមានបញ្ហាសុខភាពផងដែរ៕