(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ របស់ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពី «ស្តង់ដាសណ្ឋាគារបៃតងកម្ពុជា ដែលបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ» និងប្រគល់បណ្ណផ្នត់សណ្ឋាគារបៃតងកម្ពុជា ដែលជាគន្លឹះមួយនៃការអភិវឌ្ឍ វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងបញ្ចេញកាបូនតិចនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម សេវាកម្មស្នាក់នៅ ទេសចរណ៍បៃតងកម្ពុជា និងរួមចំណែកក្នុងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ។
កម្មវិធីនេះបានរៀបចំឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារហ្រ្គីនភែលេស រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, សិក្ខាកា, តំណាងក្រសួងស្ថាប័ន, មន្ទីរពាក់ព័ន្ធ វិស័យឯកជន (ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍) និងសិស្ស-និស្សិជាច្រើននាក់ផងដែរ។
លោក ប៊ូ ចន្ទ សិរី ប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ នៃក្រសួងទេសចរណ៍ បានថ្លែងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមចែករំលែកបទពិសោធន៍ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់របស់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងគោលនយោបាយអភិវឌ្ឍន៍ ទេសចរណ៍បៃតងនៅកម្ពុជា ដើម្បីកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ជាពិសេសការលើកកម្ពស់ ការយល់ដឹងជាសាធារណៈ ស្តីពីដំណើរការ អាជីវកម្មស្តង់ដាសណ្ឋាគារ បៃតងកម្ពុជា ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ។
ការលើកកម្ពស់ ការយល់ដឹងជាសាធារណៈ ស្តីពីដំណើរការ អាជីវកម្មស្តង់ដាសណ្ឋាគារ បៃតងកម្ពុជា ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុទាំងនោះ រួមទាំង៖
១៖ ជំរុញការអភិវឌ្ឍរាជធានីភ្នំពេញឱ្យក្លាយជាតំបន់ «គោលដៅទេសចរណ៍ស្អាត និងបៃតង»។
២៖ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការប្រើប្រាស់ ផលិតផលក្នុងស្រុក និងផលិតផល ដែលមិនធ្វើឱ្យមានផលប៉ះពាល់បរិស្ថាន (Environmentally-Friendly Products) សម្រាប់ឧស្សាហកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍កម្ពុជា។
៣៖ លើកកម្ពស់កិច្ច សហការរវាងឧស្សាហកម្មទេសចរណ៍ ជាមួយសហគមន៍ទេសចរណ៍ និងអង្គការក្នុងស្រុក។
៤៖ ជំរុញការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះ លោក ប៊ូ ចន្ទ សិរី ក៏បានសំណូមពរ ដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានទាំងអស់ ត្រូវដាក់ពាក្យសុំស្តង់ដាសណ្ឋាគារ បៃតងកម្ពុជា ដើម្បីធានាបាននូវការអភិវឌ្ឍន៍ វិស័យទេសចរណ៍ប្រកបដោយចីរភាព ដែលជាមាគ៌ា «ឈ្នះ-ឈ្នះ» សម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមកាត់បន្ថយផល ប៉ះពាល់បរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុកម្ពុជា៕