(បាត់ដំបង)៖ លោក ប៉ិច សុវណ្ណូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្មតំណាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ងាកមកចូលរួមគាំទ្រប្រើប្រាស់ និងបរិភោគផលិតផលរបស់យើង ដែលប្រជាជនយើងជាអ្នកដាំ អ្នកផលិត ដើម្បីសុខភាព និងជាពិសេសដើម្បីជួយលើកស្ទួយ ដល់សេដ្ឋកិច្ចជាតិ។

លោក ប៉ិច សុវណ្ណូ បានថ្លែងអំពាវនាវយ៉ាងដូចនេះ ក្នុងឱកាសដែលលោក បានចូលរួមក្នុងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ការចុះបញ្ជីចម្ការ និងបិទរូបសញ្ញា នៃការអនុវត្តកសិកម្មល្អ (GAP) នៃគម្រោងជម្រុញផលិតកម្មស្បៀង (BFP) ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលរៀបចំធ្វើនៅក្នុងទីរួម ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាវប្បកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយកប្រតិបត្តិគម្រោងជម្រុញផលិតកម្មស្បៀង រួមទាំងមានក្រុមការងារ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

លោកបានថ្លែងបន្តទៀតថា គម្រោងជម្រុញផលិតកម្មស្បៀងយើងបានជោគជ័យ ដោយសារបានការឧបត្ថម្ភ គាំទ្រថវិកាពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសមន្រ្តីគម្រោងបានខិតខំអនុវត្តការងារនេះផ្ទាល់ ជាមួយសហគមន៍ទទួលបានភាពជោគជ័យ។ លោកបញ្ជាក់ទៀតថា ទៅថ្ងៃអនាគតនៅតាមសហគមន៍ដាំបន្លែសុវត្ថិភាព មានការចុះបញ្ជី ចម្ការត្រឹមត្រូវ និងទទួលស្គាល់ពីក្រសួងកសិកម្មផងនោះ គម្រោងជម្រុញផលិតកម្មស្បៀងមានការរីចំរើន និងមិនត្រូវផ្គត់ផ្គង់ក្នុងខេត្ត និងទូទាំប្រទេសយើងទេ គឺមានសិទ្ធយកទៅនៅតាមប្រទេសទាំង ១០នៃសហគមន៍អាស៊ានទៀតផង។

លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីគម្រោង ផលិតករ សហគមន៍ ក្រុមហ៊ុន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការ យ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត ធ្វើឲ្យគម្រោងជំរុញផលិតកម្មស្បៀង ទទួលបានជោគជ័យជាបន្តបន្ទាប់។

លោក ប៊ុត គឹមស៊ាន បានថ្លែងដែរថា ក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការគាំទ្រ និងសហការយ៉ាងពេញទំហឹងដល់គម្រោងនេះបន្តទៀត ដើម្បីសុខភាព សុវត្ថិភាព ដល់យើងទាំងអស់គ្នា ហើយតាំងពី គម្រោងនេះកើតឡើង យើងសង្កេតឃើញថា ការនាំចូលបន្លែពីប្រទេសជិតខាង គឺមានការថយចុះជាងមុន ហើយទៅអនាគតកសិករ នៅតាមសហគមន៍ ដោយមានការបណ្តុះបណ្តាលពីមន្រ្តីជំនាញនោះ អាចនឹងផលិតបន្លែកាន់តែច្រើនឡើង មានសុវត្ថិភាពល្អ និងឈានដល់ការនាំចេញទៀតផង៕