Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រកឃើញទំនិញខូចគុណភាព តាំងលក់តាមម៉ាត ក្នុងភូមិសាស្រ្ត ខណ្ឌសែនសុខ, ដកហូតទុកដុតកំទេចចោល

19-12-2018 15:13

(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យ ទៅលើទំនិញវេចខ្ចប់ស្រាប់ នៅតាមម៉ាតមួយចំនួន ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា លទ្ធផល ពិនិត្យឃើញមានទំនិញមួយចំនួន ខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខា ធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។

មន្រ្តីកាំកុងត្រូលបានបន្តថា ទំនិញទាំងនោះរួមមាន នំសណ្តែកដីកញ្ចប់ នំព្រុយត្រី មីកញ្ចប់កូរ៉េ មីកំប៉ុងកូរ៉េ មីសៀមកញ្ចប់ ស្រាបៀកំប៉ុង សរុប១០.៣៧គីឡូក្រាម។

នៅក្នុងឱកាសចុះពិនិត្យតាមម៉ាតខាងលើ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំ ម្ចាស់ម៉ាតទាំងពីរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងឲ្យម្ចាស់ម៉ាតទាំងអស់ ជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ។

ដោយឡែក ចំពោះការឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៏ប្រេងឥន្ធនៈនានាក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃសមស្របទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្តពីថ្ងៃទី១៦ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយសាំងធម្មតាមានតម្លៃមិនលើសពី ៣,៣៥០៛/លីត្រ និងប្រេង ម៉ាស៊ូត មានតម្លៃមិនលើសពី ៣,៣៥០៛/លីត្រ ឡើយ៕