(កំពង់ធំ)៖ សាលាដំបូងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រារព្វពីធីសន្និបាតបូកសរុបលទ្ធផលការងារ ដែលអនុវត្តបានឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០១៩។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាតុលាការអមសាលាដំបូងខេត្តកំពង់ធំ និងមានសមាជិក អង្គសន្និបាត ចូលរួមនៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ ជាច្រើនរូបទៀតផងដែរ។
លោក វ៉ាន់ សេង ប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ បានអានរបាយការណ៍ ស្តីពីសកម្មភាពកែលំអរ សោភ័ពភាព និងជួសជុល រួមទាំងការអភិវឌ្ឍន៍ នៅក្នុងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាដំបូងខេត្តកំពង់ធំ ដោយបានបញ្ជាក់ដូច្នេះថា តុលាការខេត្តកំពង់ធំ សាងសង់នៅឆ្នាំ១៩៨២ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នមាន មានអាគារថ្មីចំនួន២ អគារទី១ មានទំហំ១៤.៩ម៉ែត្រ គុណ៣៦.៥០ម៉ែត្រ មាន២២បន្ទប់ សម្រាប់សាវនាការ ២បន្ទប់ អគារទី២ មានទំហំ៨ម៉ែត្រគុណ២៥.៥ម៉ែត្រ មាន១៧បន្ទប់ មានបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន ៣បន្ទប់ មានមន្រ្តីបំរើការងារសរុប ៦៩រូប ស្រី២០រូប។
លោក វ៉ាន់ សេង បានបញ្ជាក់ទៀតថា ទិសដៅនៃការអនុវត្តបន្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយដល់ភូមិឃុំ ស្រុក លើវិធានការអត្រានុកូលដ្ឋាន លើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ មរណភាព លិខិតបទដ្ឋានផ្សេងៗ ដែលខុសអក្ខរាវិរុទ្ធ ខុសខែ ឆ្នាំ ថ្ងៃកំណើត ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពន្លឿនរឿងក្តី មិនឲ្យកកស្ទះហួសរយៈពេលកំណត់របស់ច្បាប់ ស្នើរសុំមន្រ្តីជាប់កិច្ចសន្យាចំនួន១៦រូប បញ្ជូលក្របខណ្ឌ ស្នើរសុំអគារសំរាប់លេខាធិការដ្ឋាន ១ខ្នង ៥បន្ទប់ និងឃ្លាំងវត្ថុតាងមួយខ្នង។
លោក អ៊ិត សុធា បានថ្លែងបើកឱកាសជាចំហរ លើកបញ្ហាដាក់លើតុ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាកែបញ្ហាដែលមានចំនុចមួយចំនួន ដែលបានអនុវត្តកន្លងមក ឱ្យលោកចៅក្រម ព្រះរាជអាជ្ញារង លោកស្រីក្រឡាបញ្ជី រួមទាំងសមាជិកអង្គសន្និបាទទាំងអស់ លើកឡើងនូវ បញ្ហាប្រឈម ដែលបានអនុវត្តក្នុងមួយឆ្នាំកន្លងមកនេះ ក្នុងឆ្នាំ២០១៨ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសដល់មូលដ្ឋាន ដោយមិនគិតពេលថ្ងៃ ឬពេលយប់ ដែលបានដឹកនាំដោយមន្រ្តី នគរបាលយុត្តិធម៌ដោយមានប្រសិទ្ធភាព និងបានពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌ និងមានការចាត់ប្រជុំជាច្រើនលើកផ្នែកច្បាប់ ស្របតាមស្ថានភាពជាក់ស្តែងក្នុងសង្គម ដែលបានធ្វើឲ្យបទល្មើសក្នុងឆ្នាំ២០១៨ មានការថយចុះ។
លោក លាង សួគ៌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី រួមទាំងសមាជិកទាំងអស់ ដែលបំរើការងារក្នុងសាលាដំបូងខេត្តកំពង់ធំ ដែលបានអនុវត្តការងារបានល្អ ម៉ត់ចង់ មានគុណភាព តម្លាភាព និងមានភាពស្មោះត្រង់ ក្នុងការរកភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ និងសំណូមពរឲ្យមានការពិគ្រោះយោបល់គ្នា លើកបញ្ហានានា ដែលប្រឈម ឬកង្វះខាត ដើម្បីរកដំណោះស្រាយល្អដល់អង្គភាព៕