(ភ្នំពេញ)៖ កម្ពុជា-ចិន បានពង្រីក និងពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នា តាមរយៈការប្រកួតសមត្ថភាពភាសាចិន «ពាន់រង្វាន់ជាំងស៊ូ» លើកទី៨ ដែលរៀបចំធ្វើឡើង នៅសាលសន្និសីទ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
នៅក្នុងកម្មវិធីប្រកួតសមត្ថភាពភាសាចិន «ពាន់រង្វាន់ជាំងស៊ូ» គឺមាននិស្សិតកម្ពុជា១៨រូប ឆ្លងមកដល់វាគ្គផ្តាច់ព្រ័ត្រ នាថ្ងៃដដែលនេះ។
ចាប់ពីឆ្នាំ២០១១មក ការប្រកួតសមត្ថភាពភាសាចិន «ពានរង្វាន់ជាំងស៊ូ» ទូទាំងពិភពលោក បានរៀបចំជាង១០លើកមកហើយ នៅក្នុងប្រទេសជប៉ុន អាមេរិក អង់គ្លេស អូស្រ្តាលីជាដើម។ ឆ្នាំ២០១៧ គឺជាឆ្នាំទី១ ដែលបានសហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ដែលរៀបចំលើទឹកដីនៃកម្ពុជា។
នៅក្នុងឱកាសនោះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា យើងទាំងអស់គ្នា តែងបានទទួលស្គាល់ថា កម្ពុជា និងចិន មានទំនាក់ទំនងល្អ និងគ្នាអស់រយៈពេលពាន់ឆ្នាំមកហើយ ដែលបានចារិកក្នុងប្រវត្ថិសាស្រ្តនៃប្រទេសទាំង២។ នៅក្នុងប្រវត្ថិសាស្រ្តពិភពលោកសម័យទំនើបកម្ពុជា និងចិនគឺជាអ្នកជិតខាងល្អទាំង២។ នៅក្នុងប្រវត្ថិសាស្រ្តពិភពលោក សម័យទំនើប កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អដៃគូល្អ និងបានប្រើប្រាស់ទឹកទន្លេរួមគ្នា មេគង្គ ឡានឆាង ចែករំលែកសេចក្តីរីកចម្រើនជាមួយគ្នាជាដារាប។ បច្ចុប្បន្ននេះ យើងបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងបញ្ហាភូមិសាស្រ្តនយោបាយ។
នៅត្រង់ចំណុចនេះ លោក យង់ ពៅ បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា ចិន ស្តែងឡើងគ្រប់ពេល ទាំងទិដ្ឋភាពប្រវត្ថិសាស្រ្ត នយោបាយ សេដ្ឋកិច្ចសង្គម និងធម្មជាតិ។
លោក យង់ ពៅ បានបញ្ជាក់ថា ការប្រកួតសមត្ថភាពភាសាចិន «ពាន់រង្វាន់ជាំងស៊ូ» ពិតជាសមស្រប នឹងត្រូវការនៃការផ្លាស់ប្តូររវាងប្រទេសកម្ពុជា-ចិន ព្រមទាំងបានផ្តល់ឱកាសកាន់តែមានការចូលចិត្តសិក្សាភាសាចិន នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ លោកបន្តថា ប្អូននិស្សិត គឺជាអ្នកបន្តវេន ដែលកំពុងតែមានថាមពល ការងារ និងចំណេះដឹងថ្មីៗ នឹងក្លាយជាកម្លាំងចលករថ្មី សម្រាប់តភ្ជាប់ដួងចិត្តប្រជាជន ជំរុញវឌ្ឍនភាពទំនាក់ទំនងនៃប្រទេសទាំងពីរ។
នៅក្នុងនោះ លោក យង់ ពៅ សង្ឃឹមថា បេក្ខជនប្រឡងទាំងអស់ ត្រូវប្រកាន់យកគោលការណ៍ «មិត្តភាពទី១ ការប្រកួតទី២» ក្នុងការបង្ហាញសមត្ថភាពពិតប្រាកដរបស់ខ្លួន រៀនសូត្រពីគ្នា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
ជាមួយគ្នានោះ កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជានៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងឲ្យដឹងថា ការប្រកួតសមត្ថភាពភាសាចិន «ពានរង្វាន់ជាំងស៊ូ» បានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
កញ្ញា វុធ សុភ័ក្រណា បានបន្ថែមថា កម្មវិធី «ពានរង្វាន់ជាំងស៊ូ» គឺជាវេទិកាមួយ ដែលបានទាក់ទាញនិស្សិតកម្ពុជាច្រើនឡើងៗ ក្នុងការស្វែងយល់ពីក្រុងជាំងស៊ូ និងប្រទេសចិន។ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងការសប្បាយចិត្ត ដែលបានសហការគ្នាជាមួយមជ្ឈមណ្ឌលទំណាក់ទំនងវប្បធម៌អន្តរជាតិជាំងស៊ូ សាកលវិទ្យាល័យណានជីង ដើម្បីរួមគ្នាផ្តល់ឱកាសដល់អ្នកសិក្សាភាសាចិន សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការសិក្សាស្វែងយល់ពីក្រុងជាំងស៊ូ ក៏ដូចជាប្រទេសចិន ហើយក៏បានចូលរួមចំណែកក្នុងការជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាជនយើងទាំង២ផងដែរ។
លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ការប្រកួតនិយាយភាសាចិនពាន់រង្វាន់ជាំងស៊ូ ដែលជាកម្មវិធីដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសបានផ្តល់ឱកាសដល់និស្សិតបានស្គាល់ និងអាចមានឱកាសទទួលបានការសិក្សានៅប្រទេសចិនចំនួន១ឆ្នាំ ដើម្បីយល់ដឹងបន្ថែមអំពីប្រទេសចិន និងវប្បធម៌ចិន ក៏ដូចជាបានរួមគ្នាពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន។
តំណាងស្ថានទូចចិនប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរដល់បេក្ខជនទាំង១៨រូប ដែលបានខិតខំប្រឹងប្រែងចូលរួមការប្រកួត រហូតឈានមកដល់វគ្គចុងក្រោយនេះ។ ជាមួយគ្នានោះ លោកតំណាងស្ថានទូចចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា កាទំនាក់ទំនងនៃប្រទេសទាំង២ គឺមានការរាប់អានគ្នាជាយូរមកហើយ ប្រទេសទាំង២ក៏ជាមិត្តដ៏ល្អនឹងគ្នា នៅក្នុងទំនាក់ទំនងនេះ យើងសម្លឹងឃើញថា ការទំនាក់ទំនងល្អនេះ គឺជាវឌ្ឍនភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជានិងចិន៕