(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិក៦០នាក់ដាំដើមកោងកាង ទឹកសាបចំនួន ៣,០០០ដើម និងចែកទឹកផ្លែឈើជូប នំហាណាមិ ព្រមទាំងសម្ភារសិក្សាមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិ្សក្នុងសាលារៀនក្នុងខេត្តកោះកុង កាលពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨។
បុគ្គលិកចំនួន៦០នាក់រួមគ្នាដាំដើមកោងកាងទឹកសាបចំនួន៣,០០០ដើម ក្នុងសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
ក្រៅពីការដាំដើមកោងកាង បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង បានចែកទឹកផ្លែឈើជូប នំហាណាមិ និងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាជ្រោយស្វាយក្នុងតំបន់នោះផងដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងចំនួន៤ដងក្នុងមួយឆ្នាំ ហើយក្នុងឆ្នាំ២០១៨នេះ កម្មវិធីដាំដើមឈើលើកទី១ត្រូវបានធ្វើឡើងនៅសហគមន៍ការពារធនធានធម្មជាតិភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកទី២នៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត លើកទី៣នៅសហគមន៍អេកូទេសចរណ៍ បឹងឈូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងលើកទី៤ នៅសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ខេត្តកោះកុង៕