(បាត់ដំបង)៖ សមត្ថកិច្ចខេត្តបាត់ដំបង សហការជាមួយមន្ត្រីធម្មការ និងសាសនា បានចុះពិនិត្យ និងនាំខ្លួនព្រះសង្ឃ១អង្គ ដែលគង់លើភ្នំ ក្រោយរកឃើញមានវត្ថុតាងល្មើសច្បាប់ជាច្រើន មាននៅជាប់ខ្លួន។ ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុមទី០៣ ភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកកំរៀង សហការជាមួយមន្ត្រីការិយាល័យធម្មការ សាលាអនុគណស្រុកកំរៀង បានចុះទៅពិនិត្យទីស្នាក់អាស្រ័យរបស់ព្រះសង្ឃ១អង្គ ព្រះនាម ហ៊ុន អង គង់នៅលើភ្នំ៨២ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺឲ្យអ្នកស្រុក និងមានដាស់មន្តអាគមផ្សេងៗ មួយចំនួនទៀតស្ថិតនៅចំណុចភ្នំ៨២ ក្នុងភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយការចុះពិនិត្យកម្លាំង និងមន្ត្រីពាក់ព័ន្ធសម្រេចនាំខ្លួន ព្រះសង្ឃអង្គខាងលើដោយសារកាន់កាប់ និងរក្សាទុកនូវអាវុធខុសច្បាប់ មួយចំនួនដូចជា៖
ទី១៖ កាំភ្លើងខ្លី (មិនស្គាលម៉ាក) ចំនួនមួយដើម ទី២៖ បងកាំភ្លើងចំនួនមួយ ទី៣៖ គ្រាប់កាំភ្លើងខ្លីចំនួន ១៦គ្រាប់ និងសំបកគ្រាប់ (AK) ចំនួន១០គ្រាប់ ទី៤៖ អាយកូមម៉ាកម៉ូតូរ៉ូឡា ទី៥៖ ខ្នោះដៃមួយ ទី៦៖ ជំពុះទង់កែឆ្នៃមួយ ទី៧៖ ដាវមានស្រោមមួយ ទី៨៖ មួកស្កេតប៉ូលីសមួយ ទី៩៖ ដកកែឆ្នៃសំរាប់ជក់ថ្នាំញៀនមួយ ។
បច្ចុប្បន្នសង្ឃនេះ ត្រូវការិយាល័យធម្មការ និងសាលាអនុគណស្រុកកំរៀង រៀបចំពិធីផ្សឹកតាមបែបសាសនា ដោយចោទប្រកាន់ពីបទកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ រួចបន្តកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបងខេត្តបាត់ដំបង៕