(កោះកុង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំប្រារព្វខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»។
កម្មវិធីនេះ ក៏បានប្រគល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូននិវត្តជន និងជនបាត់បង់អតីតមន្ត្រីរាជការស៉ីវិល ចំនួន១៦៣បណ្ណផងដែរ។
លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានថ្លែងថា ពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិខួបលើកទី៣៦ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដ៏មានសារសំខាន់បំផុត ជាកត្តាមួយក្នុងការលើកកម្ពស់ សិទ្ធិជនពិការ ដើម្បីប្រមូលនូវការគាំទ្រ និងរួមចំណែកធ្វើសមាហរណកម្ម ជនពិការ ក្នុងការអភិវឌ្ឍសង្គម។
ក្នុងនោះដែររាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើកបញ្ហាពិការភាព និងស្តារលទ្ធភាពពលកម្ម ផ្នែកតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន សំដៅឆ្លើយតបទៅតាមតម្រូវការ របស់ជនពិការ ព្រោះកន្លងមកប្រទេសកម្ពុជា សម្រេចបានការងារមួយចំនួន លើវិស័យពិការភាព។ នេះបើតាមលោក គង់ រឿង បានបញ្ជាក់បន្ថែម។
លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអានខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងស្រុង ជូនបងប្អូនជនមានពិការភាព ដែលអត្ថន័យយ៉ាងជ្រាលជ្រៅ។
លោកបានបន្តថា មន្ទីរសង្គមអតីតយុទ្ធជន និងយុវជននីតិសម្បទាខេត្ត បានផ្តល់សេវា ដល់ជនមានពិកាភាពសហគមន៍ និងបានសហការ បង្កើតក្រុមជួយខ្លួនឯង បានមួយចំនួនផងដែរ។ ចំពោះរាជរដ្ឋាភិបាលបច្ចុប្បន្ន បានយកចិត្តទុកដាក់ ទៅបងប្អូនពិការខ្លាំងណាស់៕