(ភ្នំពេញ)៖ ដើម្បីបង្ហាញពីសក្តានុពល ក្នុងការអភិវឌ្ឍន៍លើវិស័យសំណង់ដីធ្លីនៅកម្ពុជា អ្នកវិនិយោគចិន បានបើកវេទិកាកំពូលកិច្ចប្រជុំពាណិជ្ជកម្មគ័ងទងអន្តរជាតិ ស្តីពី សំណង់អាគារ ឆ្នាំ២០១៨ ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនចិនជាង៥០ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀតនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងវេទិកានោះ លោក ជ័ង ស្យុងមីង អគ្គលេខាធិការវេទិកាការអភិវឌ្ឍន៍ពាណិជ្ជកម្មគ័ងទង លើវិស័យសំណង់ដីធ្លីឆ្នាំ២០១៨ បានលើកឡើងថា បច្ចុប្បន្ននេះ ជនជាតិចិននៅលើទឹកដីកម្ពុជា មានប្រមាណ១០០ម៉ឺននាក់ និងបានកំពុងធ្វើការអាជីពរបស់ខ្លូននៅកម្ពុជាផងដែរ។
លោក ជ័ង ស្យុងមីង បានបន្តទៀតថា ការដែលជនជាតិចិន មកនៅកម្ពុជាច្រើននេះ អាចបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា គឺមានភាពស្និទស្នាល ហើយកម្ពុជាជាប្រទេសរីករាយរាក់ទាក់។
លោកថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រមាណ៧% ជារៀងរាល់ឆ្នាំជាប់គ្នា ដែលតួលេខនេះ ធ្វើឲ្យកម្ពុជាបានជាប់ចំណាក់ថ្នាក់ទី៦ ដែលវាយតម្លៃដោយធនាគារពិភពលោកថា ជាការអភិវឌ្ឍសេដ្ឋកិច្ច ថ្មីមួយលឿន ហើយបើគិតជាមួយប្រទេសអាស៊ាន គឺមានការអភិវឌ្ឍលឿន។
លោកបានលើកឡើងថា បរិមាណនៃការវិនិយោគ ពីក្រុមហ៊ុនក្រៅស្រុកមានទំហំរហូតដល់២២,០០០លានដុល្លារ ក្នុងនោះក្រុមហ៊ុន បានធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា មានចំនួនរហូតដល់៤៤% នៃការវិនិយោគទាំងអស់។ បើឆ្លងតាមតួលេខនេះ គេឃើញថា ការវិនិយោគរបស់អ្នកវិនិយោគចិន បានឱកាសវិនិយោគច្រើន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាមានសក្តានុពលខ្ពស់។
លោកបន្ដថា ការវិនិយោគនេះ អ្នកវិនិយោគចិន បានធ្វើការអភិវឌ្ឍទៅលើវិស័យសំណង់ ដោយសហព័ន្ធបានធ្វើការប្រមែនប្រមូលសហគ្រាស ដែលធ្វើការលើវិស័យសំណង់ មកធ្វើការវិនិយោគនៅកម្ពុជា លើផ្នែកសំណង់ និងអាជីវកម្មផ្សេងៗទៀត ដោយយោងតាមគោលនយោបាយ «ផ្លូវមួយ ខ្សែមួយ» ផងដែរ។
លោក ជ័ង ស្យុងមីង បានឲ្យដឹងថា ចំពោះការវិនិយោគរបស់សហគ្រាសគ័ងទងប្រទេសចិន បានធ្វើការវិនិយោគលើវិស័យសំណង់ មានប្រមាណ១ម៉ឺនលានដុល្លារ ដោយគោរពតាម «ផ្លូវមួយ ខ្សែមួយ» សហគ្រិនចិន នឹងធ្វើការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយផ្តោតលើសំណង់ពណ៌បៃតង់ គុណភាពសំណង់ និងផ្នែកឌីសាញ។
ជាមួយគ្នានោះដែរ លោក ហ៊ឺ ចិន្ថា អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានលំដ្ឋាន បានលើកឡើងថា កម្ពុជាមានសក្តានុពល ក្នុងការវិនិយោគណាស់ សម្រាប់អ្នកវិនិយោគ។ លោកបានគូសបញ្ជាក់ផងដែរថា បើសិនជាចង់ចាប់ផ្ដើមវិនិយោគនៅកម្ពុជា អ្នកវិនិយោគត្រូវធ្វើការស្នើសុំ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន៕