(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងសន្តិសុខធនាគារ និងប្រគល់រថយន្តមួយគ្រឿង ដោយសមាគមឧស្សាហកម្មសន្តិសុខ សៀងហៃ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងតំណាងស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងអនុប្រធានប្រតិបត្តិ នៃសមាគមឧស្សាហកម្មសន្តិសុខ សៀងហៃ ព្រមទាំងមន្ដ្រីនគរបាលជាតិជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងស្វាគមន៍ដល់សមាគមឧស្សាហកម្មសន្ដិសុខ នៃទីក្រុងសៀងហៃ ដែលបានមកធ្វើបទបង្ហាញស្ដីពី ការគ្រប់គ្រង ផ្នែកសន្ដិសុខ និងចែករំលែកបទពិសោធន៍ដល់មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប, ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត លើការងារគ្រប់គ្រងសន្ដិសុខឯកជន។
បើតាមលោកឧត្តមសេនីយ៍ ឌី វិជ្ជា ដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានចំណងសាមគ្គីភាពយ៉ាងស្អិតរមួត រវាងប្រទេសកម្ពុជា និងប្រទេសចិន បានធ្វើឲ្យកម្ពុជានាពេលបច្ចុប្បន្ន មានការរីកច្រើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗជាច្រើន ក្រោមវត្តមានរបស់អ្នកវិនិយោគទុនចិន។
ទន្ទឹងនឹងនេះដែរ វិស័យសន្ដិសុខឯកជន ក៏បានរួមចំណែកមួយ ក្នុងការថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពរលដ្ឋ ក៏ដូចជាអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្ដរជាតិផងដែរ។
តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងអំណរគុណ ដល់សមាគមឧស្សាហកម្មសន្ដិសុខ សៀងហៃ ដែលបានប្រគល់រថយន្ដមួយគ្រឿង ជូននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីជួយដល់ការងារគ្រប់គ្រងសន្ដិសុខឯកជន ក្នុងការចូលរួមចំណែកថែរក្សា សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ អគ្គស្នងការរង ឌី វិជ្ជា បានសំណូមពរដល់សមាគមឧស្សាហកម្មសន្ដិសុខ សៀងហៃ បន្ដជួយបណ្ដុះបណ្ដាលគ្រូបង្គោល សម្រាប់មន្ដ្រីនៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ថែមទៀត។
សូមជម្រាបថា បច្ចុប្បន្ននេះភ្នាក់ងារសន្ដិសុខឯកជនទូទាំងប្រទេស មានចំនួន២៦,៥៦៥នាក់ (ស្រី២,៣៨១នាក់) ក្នុងនោះ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុបចំនួន២៣៩ក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន (មិនធ្វើសេវាសន្ដិសុខឯកជន) មានចំនួន ១,៨៦៧គ្រឹះស្ថាន៕