(ភ្នំពេញ)៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ជនសង្ស័យចំនួន៣នាក់ទៀតហើយ ជាប់ពាក់ព័ន្ធរឿងជួញដូរថ្នាំញៀន ដែលត្រូវបានកម្លាំងនគរបាលរបស់លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឬស្សីកែវ បានតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនពួកគេបាន នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាប៉ាក និងនៅត្រង់ចំណុចក្រុម១៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យទី១-ឈ្មោះ ឡុង សុខលីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ (ជាអ្នកជួញដូរ) ទី២-ឈ្មោះ រឿន ដារូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិស្រះសម្បួរ ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ (ជាអ្នកជួញដូរ) និងទី៣-ឈ្មោះ ប្រុស ម៉ៅ ភេទប្រស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកជួញដូរ)។
ជាមួយគ្នានោះ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ សូមអំពាវនាវដល់ស្រទាប់យុវជន គួរត្រូវជៀសឲ្យឆ្ងាយពីការសេពគ្រឿងញៀន ដែលបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួន ដូចជាបាត់បង់សមត្ថភាពក្នុងការរៀនសូត្រ សមត្ថភាពក្នុងការបំពេញការងារ បាត់បង់អាជីព ចំណូលគ្រួសារថយចុះ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យកិត្តិយសគ្រួសារអាប់ឱន។
លោកអធិការនគរបាលខណ្ឌឬស្សីកែវរូបនេះ បានបញ្ជាក់ថា ក្រៅពីបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួននោះ គ្រឿងញៀនបានបង្កឲ្យមានផលវិបាកផ្សេងៗទៀតដល់សហគមន៍ និងសង្គមជាតិដូចជាបង្កើនជម្ងឺ ចំណាយលើបញ្ហាសុខភាព បន្ថយសមត្ថភាពក្នុងការបំពេញការងារ បង្កឲ្យមានឧក្រិដ្ឋកម្ម ឃាតកម្ម ចោរកម្ម អសន្តិសុខ។ល។
លោកអធិការថា ទោះយ៉ាងណា ជនសង្ស័យចំនួន៣នាក់ ខាងលើ រួមជាមួយវត្ថុតាង ប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់, ម៉ូតូម៉ាកវ៉េវ (ចាស់) ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង និងទូរស័ព្ទដៃម៉ាកណូគាចាស់ (អិនចុចពិល) ១គ្រឿងទៀត ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងសកម្មភាពជួញដូរថ្នាំញៀន ក្រោយបញ្ចប់ការស៊ើបអង្កេតនេះ បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕