(ព្រះវិហារ)៖ នៅក្នុងទិសដៅលើកកំពស់ជីវភាព រស់នៅរបស់បងប្អូនប្រជាកសិករ តាមរយៈការផលិតដំណាំកសិកម្ម និងការចិញ្ចឹមសត្វនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការគាំទ្រថវិកាពី IFAD និង ASPIRE បានរៀបចំកម្មវិធីចែកសម្ភារកសិកម្មបន្ថែម ជូនដល់កសិករ ដែលកំពុងដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វចំនួន២៨៨គ្រួសារ នៅស្រុកឆែប និងស្រុករវៀង ខេត្តព្រះវិហារ។
ពិធីចែកសម្ភារកសិកម្មនេះដែរធ្វើឡើង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងនោះនោះក៏មានការចូលរួមពីមន្ត្រីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងប្រជពលរដ្ឋជាច្រើននាក់ផងដែរ។
លោកពឹង ទ្រីដា បានថ្លែងថា បច្ចុប្បន្ននេះតម្លៃទីផ្សារដំណាំកសិកម្មផ្សេងៗ របស់ប្រជាកសិករ ហាក់មានសន្ទុះខុសពីឆ្នាំកន្លងទៅ ដែលបានជម្រុញទឹកចិត្តបងប្អូន ប្រជាកសិករ កាន់តែខិតខំដាំដុះទ្វេឡើង ហើយតម្លៃទីផ្សារកសិផលប្រជាកសិករក៏មានសន្ទុះខ្លាំងផងដែរ ដែលនេះគឺដោយមានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែងគៀងគរ អ្នកវិនិយោគទុនធំៗ មកពីក្រៅប្រទេស ឱ្យមកបណ្តាក់ទុនធ្វើការវិនិយោគ លើវិសយ័កសិកម្មនេះ។
លោកបានបន្ថែមទៀតថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរកសិកម្ម រាជធានីខេត្ត ដោយមានការចូលរួមគាំទ្រថវិកាពីអង្គការ សមាគមផ្សេង បានចែកជូនសម្ភារកសិកម្ម ជូនប្រជាកសិករដោយឥតគិតថ្លៃ ព្រមទាំងបានបង្រៀនពីបច្ចេកទេស នៃការដាំដុះ និងការចិញ្ចឹមសត្វថែមទៀតផង។ ជាក់ស្តែងនៅថ្ងៃនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចែកសម្ភារកសិកម្មជូនប្រជាកសិករចំនួន ២៨៨គ្រួសារ មកពីស្រុកឆែប និងស្រុករវៀងដោយឥតគិតថ្លៃថែមទៀតផង។
លោក ពឹង ទ្រីដា ក៏បានធ្វើការផ្តាំផ្ញើ សូមឱ្យកសិករទាំងអស់យកចិត្តទុកដាក់ក្នុងការដាំដុះ និងចិញ្ចឹមសត្វឱ្យបានល្អ ត្រូវទាក់ទងមកមន្រ្តីជំនាញបានទាន់ពេលវេលា រាល់បញ្ហា ដែលកើតមាននៅពេលអនុវត្ត ពិសេសការចិញ្ចឹមមាន់ត្រូវប្រើវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ព្រោះអាកាសធាតុមានការប្រែប្រួលខ្លាំង អាចបណ្តាលឱ្យសត្វឈឺ និងងាប់បាន។
សូមបញ្ជាក់ថា ក្រុមអ្នកទទួលផលសរុបចំនួន ២៨៨គ្រួសារ ក្នុងនោះមាន កសិករគំរូ អ្នកដាំបន្លែ និងអ្នកចិញ្ចឹមមាន់ ក្នុងមួយគ្រួសារទទួលបានសម្ភារៈកសិកម្មរួមមាន៖
ទី១៖ អ្នកដាំបន្លែទទួលបាន មានពូជបន្លែ០៤មុខ ស្មើ០៤កញ្ចប់, ធុងស្រោច០១គូរ ។
ទី២៖ អ្នកចិញ្ចឹមសត្វទទួលបាន សំណាញ់ព័ទ្ធទ្រុង ៤គីឡូក្រាម, ស្នូកទឹក និងស្នូកចំណី០១ឈុត និងម្សៅមេចំណី០១គីឡូក្រាម៕