(ពោធិ៍សាត់)៖ កម្លាំងគណ:បញ្ជាការឯកភាពខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ រយៈពេល២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទីតាំងគោលដៅរៀងៗខ្លួន លទ្ធផលរឹបអូស និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងចាក់លែងកូនត្រីចម្រុះបានជាច្រើនគីឡូក្រាម។
ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងនៅស្រុកក្រគរ ចាប់ពីចំណុចទន្លាក្រាស់ ព្រែកស្តេច ស្ថិតក្នុងឃុំកំពង់ថ្កោល និងចាប់ពីចំណុចមុខឃុំកំពង់លួង រហូតដល់ចំណុចអាកល់ ស្ថិតក្នុងឃុំកំពង់ពោធិ៍ លទ្ធផលបង្ក្រាបបាន ឆ្នុក៤២វង់, លូសាច់អួន ២២មាត់, ក្បាលបរ ៣គ្រឿង, របាំងសាច់អួនក្រឡាល្អិត ២៨ខ្សែ ស្មើនឹង៨,២៥០ម៉ែត្រ, បង្គោលឆ្នុក២,២៦០ដើម និងចាក់លែងកូនត្រីចម្រុះ ៧៣៥គីឡូក្រាម។
ដោយឡែកនៅស្រុកកណ្តៀង ចាប់ពីចំណុចព្រំប្រទល់ស្រុកក្រគរ រហូតដល់ឃុំរាំងទិល លទ្ធផលបង្ក្រាបបាន លូកងសាច់មង ៦គ្រឿង ៣ខ្សែ, របាំងសាច់មង ១,៧០០ម៉ែត្រ, បង្គោលឆ្នុក ៥៧កន្លែង ស្នើនឹង ២២៨ដើម, បង្គោល ៧១៥ដើម និងចាក់លែងកូនត្រីចម្រុះ ២៥គីឡូក្រាម។ និងនៅស្រុកបាកាន ចាប់ពីចំណុចបឹងផ្តៅ ព្រែករានអំបិល ស្រង់ក្អែក ក្រឡុក កដប ស្លាបស្ទាំង ដូនឡំ ព្រែកកន្ទោស ស្ថិតក្នុងភូមិព្រែកក្រ និងភូមិដីរនាត ឃុំមេទឹក រហូតដល់ព្រំប្រទល់ក្បាលតោ ខេត្តបាត់ដំបង លទ្ធផលបង្ក្រាបបាន ក្បាលបរ ៩គ្រឿង, របាំងសាច់អួនក្រឡាល្អិត ៥,៤៥០ម៉ែត្រ, បង្គោលឆ្នុក១០កន្លែង, ឆ្នុក៣វង់ និងបង្គោល៤,២៨០ដើម។
ចំពោះវត្ថុតាង ខ្លះត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង និងខ្លះទៀតយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផល ដោយសារតែទីតាំងខ្លះ ពិបាកនឹងមធ្យោបាយដឹកជញ្ជូន ព្រោះនៅឆ្ងាយ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការខាងលើ ធ្វើឡើងក្រោយទទួលបានផែនការជាបន្ទាន់ ពីលោក ខូយ រីដា អនុប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីការពារជីវៈចម្រុះបឹងទន្លេសាប ធ្វើយ៉ាងណាឲ្យផលត្រីមានកំណើន ស្ថេរភាព និងកុំឲ្យបាត់បង់ ចំពោះសមត្ថកិច្ចត្រូវមានការទទួលខុសត្រូវ ជាពិសេសគឺមន្ត្រីជលផល ត្រូវអនុវត្តន៍ច្បាប់ជលផលឱ្យតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់៕