(កំពត)៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណី ដកហូតបានថ្នាំសរុបជាង២,០០០គ្រាប់ ដែលផ្ញើមកពីក្រៅប្រទេស នៅចំណុចសាខាប្រៃសណីយ៍ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលផ្ញើមកពីក្រៅប្រទេសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផល កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ស្រីចំនួន០២នាក់ (ក្នុងនោះជនបរទេស០២នាក់) និងដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីល ចំនួន១,៥០៣គ្រាប់ និងទឹកថ្នាំសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតតាមីន ចំនួន០១កញ្ចប់ធំ។
ជនសង្ស័យទី១៖ឈ្មោះ TASDELEN ONDER ភេទប្រុស អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ANJERLA ORIBJANOVNA ភេទស្រី អាយុ២៩ឆ្នាំ និងទី៣៖ឈ្មោះ មុំ សុភា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
លោកស្នងការ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានបន្តទៅឆែកឆេរនៅហាង FIREFLY ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០០គ្រាប់បន្ថែមទៀត រួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន១៨០គ្រាប់ និងម៉ាទឹកកកទម្ងន់ចំនួន២៦៤,៨៦ក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕