(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងយាងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម តបតាមការយាងរបស់រដ្ឋាភិបាលវៀតណាម។
យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ អង្គព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គ នៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃនេះតទៅ ហើយព្រះអង្គនឹងយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។
ក្នុងព្រះរាជសារដដែលនេះ ព្រះអង្គបានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលអវត្តមានរបស់ព្រះអង្គនេះ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញការងារផ្សេងៗជំនួសព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។
ប្រទេសកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកដល់ពេលបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៨ ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមផងដែរ ក្នុងបំណងពង្រឹងពង្រីកទំនាក់ទំណង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត ក្នុងនាមជាប្រទេសមានភូមិផងរបងជាមួយគ្នា។
ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ ព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាមនាពេលនេះ ក៏ត្រូវបានគេពិពណ៌នាថា ជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត៕