(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា តាមការព្យាករណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ឬអាចយូរជាងនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះថា ការចុះត្រជាក់ខ្លាំងក្នុងរយៈពេលខាងលើនេះ មិនមែនរាល់ថ្ងៃនោះទេ ពោលមានថ្ងៃខ្លះត្រជាក់ខ្លាំង ហើយក៏មានថ្ងៃខ្លះក្ដៅផងដែរ។
អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យោងតាមការព្យាករណ៍ គឺនៅចុងខែនេះ ឬក៏ដើមខែមករា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមចុះត្រជាក់ ហើយការត្រជាក់ឆ្នាំនេះ គឺអាចត្រជាក់ខ្លាំងជាបណ្ដាឆ្នាំមុនៗ ហើយរយៈពេលអាចយូរផងដែរ។ ការចុះត្រជាក់នេះ ក៏អាចពីចុងខែធ្នូឆ្នាំនេះ ដល់ចុងខែមករាឆ្នាំក្រោយផងដែរ»។
បើតាមលោក ចាន់ យុត្ថា សម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជា ប្រសិនបើមានអ្វីប្រែប្រួលយ៉ាងណានោះ ក្រសួងធនធានទឹក នឹងធ្វើការជូនដំណឹងជាបន្ដបន្ទាប់ផងដែរ៕