(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ នឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តបតាមការយាងរបស់រដ្ឋាភិបាលវៀតណាម។
យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ អង្គព្រះមហាក្សត្រខ្មែរបានគូសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃស្អែកនេះតទៅ ហើយព្រះអង្គនឹងយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។
ក្នុងព្រះរាជសារដដែលនេះព្រះអង្គបានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលអវត្តមានរបស់ព្រះអង្គនេះ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញការងារផ្សេងៗជំនួសព្រះអង្គជាប្រមុខរដ្ឋស្តីទី។
ប្រទេសកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកដល់ពេលបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមផងដែរ ក្នុងបំណងពង្រឹងពង្រីកទំនាក់ទំណង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀតក្នុងនាមជាប្រទេសមានភូមិផងរបងជាមួយគ្នា។
ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាមនាពេលនេះ ក៏ត្រូវបានគេពិពណ៌នាថា ជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត៕