(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយធនាគារពិភពលោក រៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីផ្សព្វផ្សាយ និងត្រៀមរៀបចំការពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
កិច្ចប្រជុំដែលធ្វើនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ធ្វើឡើងដោយមានការចូលរួមពីលោក នួន ច័ន្ទរិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក នួន ច័ន្ទរិទ្ធ បានរំលឹកពីសាវតារនៃអនុក្រឹត្យ២០៩ ដែលបានបង្កើតឡើងស្របតាមបញ្ញត្តិខ្លឹមសារនៃ អនុក្រឹត្យ២១ អនក្រ.បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦ ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការគ្រប់គ្រងហានិភ័យ ដោយមានការចូលរួមពីស្ថាប័នជំនាញ និងជំនួយបច្ចេកទេសពីធនាគារពិភពលោក ជូនដល់អ្នកចូលរួមទាំងអស់គ្នាផងដែរ។
លោកក៏បានបញ្ជាក់ ពីការវិវឌ្ឍជាវិជ្ជមានលើកិច្ចសម្រួលពាណិជ្ជកម្មនាពេលកន្លងមក ពិសេសការធ្វើស្វ័យប្រវត្តិកម្មនីតិវិធី, ការដាក់ឱ្យអនុវត្តយន្តការធុរជនល្អបំផុត, និងការឈានទៅរកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិជាដើម។
លោកឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនាថ្ងៃនេះគឺ ដើម្បីប្រមូលធាតុចូលពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យលទ្ធភាពកែសម្រួលអនុក្រឹត្យ ២០៩ ស្របតាមការវិវត្តនៃស្ថានភាពបច្ចុប្បន្ន និងអនុលោមតាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្ថែមថា ក្នុងដំណើរកិច្ចពិភាក្សាអង្គប្រជុំបានឯកភាពពីសារៈសំខាន់ ការកែសម្រួលអនុក្រឹត្យនេះ ដែលរួមមានការកែសម្រួលមុខទំនិញក្នុងបញ្ជី, ការកែសម្រួលប្រព្រឹត្តកម្មតាមបន្ទាត់ពន្ធនីមួយៗ, និងការកែសម្រួលសមាសភាពក្រុមសម្របសម្រួលអន្តរស្ថាប័ន នៃកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យជាដើម។ ក្នុងនោះអង្គប្រជុំបានកត់សម្គាល់ ពីភាពចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្មពី សំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងវិស័យឯកជន ដើម្បីធានាឱ្យការកែសម្រួលមាន អនុលោមភាពតាមបទប្បញ្ញត្តិជាធរមាន, សង្គតភាពនឹងការអនុវត្តល្អជាអន្តរជាតិ និងឆ្លើយតបចំពោះតម្រូវការរបស់វិស័យឯកជនផងដែរ។
លោក នួន ច័ន្ទរិទ្ធ ក៏បានស្នើឱ្យអង្គប្រជុំរាយការណ៍ ពីលទ្ធផលនៃកិច្ចប្រជុំជូនថ្នាក់ដឹកនាំស្ថាប័នសាម៉ី ដើម្បីពិនិត្រមុខទំនិញក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងបទប្បញ្ញត្តិគាំទ្រតាមការទទួលខុសត្រូវរៀងៗខ្លួន រួចបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជាកម្មវត្ថុនៃការពិភាក្សាអន្តរក្រសួង ក្នុងកិច្ចប្រជុំបន្តបន្ទាប់នាពេលអនាគត៕