(រុស្ស៊ី)៖ ពិធីអបអរសាទរការបញ្ចប់ គម្រោងផលិតហ្គាស យ៉ាម៉ាល់ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការថាមពល ដ៏ធំមួយរវាងប្រទេសចិន និងប្រទេសរុស្ស៊ី បានធ្វើឡើងនៅថ្ងៃអង្គារនៅឯកំពង់ផែសមុទ្រ សេបេតា (Sebetta)របស់ប្រទេសរុស្ស៊ី។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការដាក់ហ្គាសទៅលើនាវា នៅឯរោងចក្រផលិតហ្គាសទីបី នៅកំពង់ផែសមុទ្រ សេបេតា (Sebetta) នៅក្នុងតំបន់ស៊ីប៊ែររី (Siberia) ដ៏ដាច់ស្រយាលរបស់រុស្ស៊ី។
លោក ឌីមីទ្រី មីងវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី និយាយថា «ជាថ្មីម្តងទៀត គម្រោងនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៍រឹងមាំ ជាមួយដៃគូគម្រោងរបស់យើង គឺប្រទេសចិននិងបារាំង។ អ្វីដែលសំខាន់នោះគឺ គម្រោងផលិតហ្គាស យ៉ាម៉ាល់ នឹងលើកស្ទួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេស។ វានឹងតភ្ជាប់ទ្វីបអ៊ឺរ៉ុបនិងអាស៊ី ទៅនឹងផ្លូវទឹកនៅប៉ែកខាងជើង»។
គម្រោងនេះ បានសាងសង់រួចរាល់មុនផែនការដល់ទៅ១ឆ្នាំ ហើយបច្ចុប្បន្ន វាកំពុងដំណើរការជាផ្លូវការហើយ ដោយមានសមត្ថភាពផលិតហ្គាសបាន១៦លាន៥សែនតោននៅក្នុង១ឆ្នាំ។
លោក ឈីន វ័យចុង អនុប្រធានគ្រប់គ្រង ក្រុមហ៊ុនប្រេងឥន្ធនៈជាតិចិន និយាយថា «យើងមានភាគហ៊ុននៅក្នុងគម្រោងនេះដែរ ដូច្នេះហ្គាសមួយចំនួនដែលផលិតបាន នឹងមានលក់នៅប្រទេសចិន។ វាជារឿងសំខាន់ណាស់សម្រាប់ការធានាឲ្យបាន នូវការផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេសចិន និងការថែរក្សាបរិស្ថាន»។
គម្រោង យ៉ាម៉ាល់ មិនត្រឹមតែជួយជំរុញដល់ការអភិវឌ្ឍវិស័យថាមពលរបស់រុស្ស៊ី និង សេដ្ឋកិច្ចតំបន់ប៉ុណ្ណោះទេ តែក៏ជួយឲ្យប្រទេសចិន អាចដកខ្លួនបានកាន់តែលឿន ចេញពីការប្រើប្រាស់ថាមពលដែលបំពុលបរិស្ថាន ដូចជាធ្យូងថ្មជាដើម ហើយងាកមកប្រើថាមពលដែលមិនសូវប៉ះពាល់បរិស្ថាន ដូចជាហ្គាសវិញ៕ (សារព័ត៌មាន CCTV របស់ចិន)