(ភ្នំពេញ)៖ លោក ឈុន សម្បត្តិ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងអំពីភាពវិជ្ជមាន ចំពោះការវិនិយោគលើវិស័យមូលបត្រ ដោយលោកបានបញ្ជាក់ថា ការវិនិយោគលើវិស័យនេះជា ការវិនិយោគដែលគ្មានហានីភ័យ ពោលកត្តាហានីភ័យមានត្រឹមតែក្បែរសូន្យភាគរយប៉ុណ្ណោះ ហើយមានសក្ដានុពលខ្ពស់ក្នុងការពង្រីកអាជីវកម្មផងដែរ។
ការលើកឡើងបែបនេះ របស់លោក ឈុន សម្បត្តិ ធ្វើឡើងក្នុងសិក្ខាសាលាសម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្រោមប្រធានបទ «ការពង្រីកសក្ដានុពលអាជីវកម្ម តាមរយៈទីផ្សារមូលបត្រ» និងមានការចូលរួមពីសំណាក់ សាធារណជនជាច្រើន ក្នុងនោះក៏មានការចូលរួមពីលោក HA Jong Weon អគ្គនាយករង នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពី វិស័យមូលបត្រទៅដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ក៏ដូចជាស្របទៅនឹងគោលដៅ ក្នុងការទាក់ទាញស្ថាប័នហិរញ្ញវត្ថុ ឱ្យមានសកម្មភាពនៅលើវិស័យមូលបត្រ។
លោក ឈុន សម្បត្តិ បានពន្យល់យ៉ាងលម្អិតពី ការវិនិយោគលើវិស័យមូលបត្រដល់សាធារណជន។ ក្នុងនោះ លោកលើកឡើងថា ការពង្រីកអាជីវកម្មតាមរយៈទីផ្សារមូលបត្រកម្ពុជាមានន័យថា មីក្រូហិរញ្ញវត្ថុអាចមករកទុន នៅក្នុងទីផ្សារមូលបត្រនេះព្រោះថា ទីផ្សារនេះនាពេលបច្ចុប្បន្ន អាចទទួលបានទុនក្នុងតម្លៃថោក ដូច្នេះគេអាចចូលមករកទុន តាមរយៈការបោះផ្សាយលក់មូលបត្របំណុល ដែលស្ថិតក្នុងអត្រាថោក។
លោកបន្ដថា មួយវិញទៀតមិនត្រឹមតែអាចរកទុនបានឡើយ តែអាចមកវិនិយោគក្នុងផ្សារមូលបត្រនេះផងដែរ។ ជាក់ស្ដែងប្រសិនបើថា អ្នកវិនិយោគលើការផ្ដល់កម្ចីកត្តាហានីភ័យគឺ ការមិនសងត្រលប់មកវិញកាន់តែខ្ពស់ ប៉ុន្ដែប្រសិនបើគេវិនិយោគដោយជឿជាក់ គេនឹងវិនិយោគលើវិស័យមូលបត្រ តាមរយៈការទិញមូលបត្របំណុល ដែលមានអត្រាហានីភ័យស្ទើរតែស្មើសូន្យ។
សូមបញ្ជាក់ថា សិក្ខាសាលានេះផ្ដោតលម្អិត លើបច្ចុប្បន្នភាពនៃប្រភេទអាជីវកម្មផ្សេងៗ ដែលគ្រឹះស្ថានហិរញ្ញវត្ថុអាចមាន ក្នុងវិស័យមូលបត្រដោយបានណែនាំអំពីលក្ខខណ្ឌ និងនីតិវិធីនៃការបោះផ្សាយភាគហ៊ុន និងសញ្ញាបណ្ណ៕