(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2A) និងអនុស្ថានីយទី៣ (GS3-F20) មូលហេតុដោយសារសណ្ឋាគារកុលាបស បានជីកដីដាក់ស្លាកសណ្ឋាគារ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។
* លើកទី១ វេលាម៉ោង ១០៖៤៨នាទីព្រឹក នៅអនុស្ថានីយទី២ (GS2-F2A) ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវព្រះមុនីវង្ស ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ និងទី៣ ខណ្ឌចំការមន (២) ផ្លូវលេខ២៥០ សង្កាត់បឹងព្រលឹត (៣) ផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ (៤)ផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៣៖៥៥នាទីរសៀល។
* លើកទី២ វេលាម៉ោង ១៦៖០០នាទីរសៀល នៅអនុស្ថានីយទី៣ (GS3-F20) ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវលេខ២៥០ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា (២) ផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧៖១០នាទីល្ងាច។
អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕