(ភ្នំពេញ)៖ អតីតរដ្ឋមន្ត្រីការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើសុំឱ្យភាគីបារាំង ត្រួតពិនិត្យឡើងវិញ ចំពោះការបោះឆ្នោតយល់ស្របជាមួយបណ្តាប្រទេសចំនួន១៨ទៀត ដែលប្រឆាំងការនាំចេញអង្កររបស់កម្ពុជា ទៅលក់នៅទីផ្សារអឺរ៉ុប។
ការស្នើឱ្យភាគីបារាំងពិនិត្យឡើងវិញ លើបញ្ហានាំចេញអង្កររបស់កម្ពុជាទៅសហគមន៍អឺរ៉ុប បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានទទួលជួបលោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WAERMAN) អនុប្រធានរដ្ឋសភាបារាំង នៅវិមានសន្តិភាព។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឱ្យបារាំងពិចារណាចំហរនេះឡើងវិញ អ្វីដែលបារាំង បានបោះឆ្នោតយល់ស្របប្រឆាំងអង្ករកម្ពុជា សូមឱ្យគាត់ពិនិត្យ និងពិចារណាឡើងវិញ»។
ទន្ទឹមនឹងនេះដែរឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ប្រទេសអ៊ីតាលី ជាប្រទេសមួយដែលលក់អង្ករនៅក្នុងសហគមអឺរ៉ុប ប្រជែងជាមួយអង្កររបស់កម្ពុជា ប៉ុន្តែមិនសូវទទួលបានការគាំទ្រពីសំណាក់ប្រជាជននៅក្នុងបណ្តាប្រទេសអឺរ៉ុប ដូចអង្កររបស់កម្ពុជានោះទេ។ ដូច្នេះហើយប្រទេសអ៊ីតាលី សូមឱ្យសហគមន៍អឺរ៉ុប ហាមមិនឱ្យអង្ករកម្ពុជា ដាក់លក់នៅក្នុងសហគមអឺរ៉ុប ប៉ុន្តែច្រើនឆ្នាំមកហើយបណ្តា ប្រទេសនៅអឺរ៉ុប មិនយល់ស្របតាមអ៊ីតាលី រហូតទៅគៀងគរបានប្រទេសអេស្បាញ់ ហើយនៅដើមខែធ្នូ ឆ្នាំ២០១៨ ដោយមានការប្រជុំក្នុងក្របខ័ណ្ឌ EU តើគួរឱ្យនាំអង្ករកម្ពុជា ទៅទីផ្សារអឺរ៉ុប ឬមិនគួរនាំចូល។
ជាមួយគ្នានេះដែរ អតីតមន្ត្រីការទូតជើងចាស់កម្ពុជារូបនេះ ក៏បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ គឺឱ្យមានការបោះឆ្នោត ក្នុងចំណោមប្រទេសចំនួន២៨ ក្នុងសហគមន៍អឺរ៉ុប ដែលមាន១៨ប្រទេស បានបោះឆ្នោតប្រឆាំងការនាំចូលអង្ករកម្ពុជា ទៅលក់នៅទីផ្សារអឺរ៉ុប ក្នុងនោះមានប្រទេសបារាំងផងដែរ។ ដូច្នេះកម្ពុជា សូមឱ្យប្រទេសបារាំង ពិនិត្យឡើងវិញចំពោះបញ្ហានេះ ដែលបារាំង បានបោះឆ្នោតគាំទ្រកន្លងមក។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រតិភូកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរបស់ក្រសួងពាណិជ្ជកម្ម ជាមួយមេធាវីបរទេសការពារក្តីអង្ករកម្ពុជា បានអញ្ជើញទៅដល់ទីស្នាក់ការកណ្តាលសហគមន៍អឺរ៉ុប (EU) នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីការពារអង្ករកម្ពុជា ករណី EU ប្រុងដកការលើកលែងពន្ធ លើការនាំចូលអង្ករពីកម្ពុជា។ បន្ថែមលើការងារនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលជួបស្ថានទូតសំខាន់ៗនៅកម្ពុជា ដើម្បីតវ៉ា និងស្នើឱ្យប្រទេសទាំងនោះគាំទ្រកម្ពុជាផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជាចាត់ទុកថា ប្រសិនបើការដាក់វិធានការរបស់អឺរ៉ុបលើអង្ករកម្ពុជាសម្រេចនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកនាំចេញអង្ករ និងកសិករកម្ពុជាទេ ក៏នឹងប៉ះពាល់ដល់អ្នកនាំចូល និងអ្នកបរិភោគខ្លួនឯងនៅអឺរ៉ុបផងដែរ ព្រោះតំលៃអង្ករនាំចូលសហគមអឺរ៉ុបនឹងឡើងខ្ពស់ជាងមុន បន្ទាប់ពីបូកបញ្ជូលតម្លៃពន្ធ ដោយកម្ពុជាក៏បានទទួលព័ត៌មានពីឈ្មួយទិញអង្ករនៅអឺរ៉ុបជាច្រើននាក់ គេបានថ្អូញថ្អែរ និងព្រួយបារម្ភប្រសិនបើ EU សម្រេចដាក់ពន្ធនាំចូលអង្ករពីកម្ពុជា ក្នុងពេលឆាប់ៗមែននោះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេផងដែរ៕