(ភ្នំពេញ)៖ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal បានធ្វើការព្យាករណ៍ថា នៅឆ្នាំ២០៣០ ខាងមុខ ទីផ្សារអាផាតមិនក្នុងទីក្រុងភ្នំពេញ នឹងមានកំណើនខ្ពស់បើធៀបនឹងបច្ចុប្បន្ន ពោលគឺអាចកើនឡើង ៣ដង ស្មើនឹងប្រមាណ ២៨,០០០យូនីត ស្របពេលបច្ចុប្បន្នក្រុមហ៊ុនខ្លួនបានរកឃើញថា មានអាផាតមិនសរុបចំនួន ៩,០២១យូនីត ក្នុងចំណោមអាគារអាផាតមិនទាំង ៣៥៥គម្រោង នៅក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធបឋមរបាយការណ៍ទសវត្សរ៍ ឆ្នាំ២០៣០ ការព្យាករណ៍ ១០ចំណុចអំពីវិស័យអលចនទ្រព្យនៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីលោក គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នេះ។ ទន្ទឹមជាមួយគ្នានោះ ក៏មានការចូលរួមពីអ្នកវិនិយោគ ម្ចាស់គម្រោង និងតំណាងធនាគារក្នុងស្រុក និងបរទេសជាច្រើនផងដែរ។
អ្នកនិពន្ធរបាយការណ៍ខាងលើបានបញ្ជាក់ថា «ក្នុងសេណារីយូធម្មតា ការផ្គត់ផ្គង់អាផាតមិនទូទាំងរាជធានីភ្នំពេញ នឹងមានកំណើនប្រចាំឆ្នាំ ១០% ឬយូនីតថ្មីៗកើនឡើងជាមធ្យមចំនួន ១,៥៨០ ក្នុង១ឆ្នាំ ចាប់ពីពេលបច្ចុប្បន្ន ដល់ឆ្នាំ២០៣០។ ពិសេសខណ្ឌចំនួន៤ ដែលមានកំណើនផ្គត់ផ្គង់ច្រើនជាងគេ រួមមានខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ ៧មករា និងខណ្ឌដូនពេញ។ បើគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៨ អាផាតមិនសរុបប្រហែល ៧,៦០០យូនីត ត្រូវបានជួលលើទីផ្សារជាមួយអត្រាជួលសរុប ៨៤% ទូទាំងរាជធានីភ្នំពេញ»។
គួរបញ្ជាក់ថា របាយការណ៍ ទសវត្សរ៍ ឆ្នាំ២០២៣ ខាងលើ ត្រូវបានលោក ហ៊ឹម សីហា ផ្ដោតសំខាន់លើទីផ្សារអចលនទ្រព្យរយៈពេល ១០ឆ្នាំខាងមុខ ពិសេសផ្ដោតលើទិដ្ឋភាពសំខាន់ចំនួន១០ រួមមានទី១-ភូមិសាស្ដ្រ និងប្រជាសាស្ដ្រ, ទី២-វិស័យសំណង់, ទី៣-ទីផ្សារលំនៅឋាន, ទី៤-ទីផ្សារលក់រាយ និងការិយាល័យ, ទី៥-ទីផ្សារដីឡូតិ៍, ទី៦-ទីផ្សារឧស្សាហកម្ម, ទី៧-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ទី៨-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទី៩-នគរូបនីយកម្ម និងការពង្រីកទីក្រុង និងទី១០-ហេដ្ឋារចនាសម្ព័ន្ធទីក្រុង៕