(សៀមរាប)៖ សិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យឡើងវិញ អំពីសុខភាពរបស់កុមារ និងវឌ្ឍនភាពនៃការអនុវត្ត ការថែទាំជាសាវន្តទារក ទើបនឹងកើតនៅប្រទេសកម្ពុជា បានប្រព្រឹត្តិទៅនៅក្រុងសៀមរាប មានរយៈពេល ២ថ្ងៃ ហើយបានចាប់ផ្តើមដំណើរការ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
បើតាមរបាយការណ៍ជាផ្លូវការឆ្នាំ២០១៨ របស់ UN Inter-agency Group ដែលបានប៉ាន់ប្រមាណ អំពីការស្លាប់របស់កុមារ នៅលើពិភពលោកបានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ អាត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ និងអត្រាស្លាប់របស់ទារក នៅប្រទេសកម្ពុជា មានការថយចុះ។
តាមតួលេខថ្មីៗនេះ ដែលបានផ្សព្វផ្សាយ នៅក្នុងរបាយការណ៍ជាផ្លូវការ ឆ្នាំ២០១៨ របស់ UN-IAG ដែលបានប៉ាន់ប្រមាណ អំពីការស្លាប់របស់កុមារ នៅលើពិភពលោកបានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ អត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ នៅប្រទេសកម្ពុជាមានការថយចុះមកនៅ២៩ ក្នុងចំណោមទារកកើតរស់មួយពាន់នាក់ ហើយអត្រាស្លាប់របស់ទារក ក៏បានថយចុះមកនៅ១៥ ក្នុងចំណោមទារកកើតរស់មួយពាន់នាក់ផងដែរ។
ម្យ៉ាងបើផ្អែកតាមរបាយការណ៍នេះ អាចគូសបញ្ជាក់បានថា ប្រទេសកម្ពុជា អាចនឹងឈានទៅ សម្រេចបានគោលដៅ នៅក្នុងផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអាត្រាស្លាប់ របស់មាតានិងទារក និងផែនការសកម្មភាពរយៈពេល ៥ឆ្នាំ សម្រាប់ការថែទាំទារក នៅប្រទេសកម្ពុជា ដែលបានកំណត់អត្រាស្លាប់ របស់ទារកឲ្យថយចុះមកត្រឹម១៤ ក្នុងចំណោមទារកកើតរស់មួយពាន់នាក់ នៅក្នុងឆ្នាំ២០២០, នេះបើតាមការបង្ហាញរបស់ លោកវេជ្ជបណ្ឌិត គូម៉ាណាន់ រ៉ាសាណាថាន់ (Kumanan Rasanathan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្នុងអង្គសិក្ខាសាលាប្រចាំឆ្នាំ។
លោកបានបញ្ជាក់ថា ក៏ប៉ុន្តែប្រសិនបើប្រៀបធៀបអត្រាស្លាប់ របស់កុមារអាយុក្រោម៥ឆ្នាំ និងអត្រាស្លាប់របស់ទារក ដែលមាននៅក្នុងប្រទេសកម្ពុជា ទៅនឹងប្រទេសជិតខាង ក្នុងសហគមន៍អាស៊ាន អត្រាស្លាប់ទាំងនេះ នៅប្រទេសកម្ពុជា ស្ថិតនៅខ្ពស់ជាងគេនៅឡើយ។
ចំពោះលោកសាស្ត្រាចារ្យ ឈូ អ៉ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ដើម្បីឲ្យការថែទាំសុខភាពកុមារ នៅប្រទេសកម្ពុជា កាន់តែល្អប្រសើរថែមទៀត កាលពីដើមឆ្នាំ២០១៨កន្លងមកនេះ ក្រសួងសុខាភិបាល បានសហការជាមួយ អង្គការសុខភាពពិភពលោក ដើម្បីពិនិត្យឡើងវិញ អំពីសេវាថែទាំសុខភាពកុមារ ដែលមានអាយុតិចជាង ៥ឆ្នាំ ក្នុងគោលបំណង ពង្រឹងគុណភាពសេវាថែទាំ ជាពិសេស គឺសេវាសមាហរណកម្មពិនិត្យ ព្យាបាលជំងឺ នៅតាមគ្រឹះស្ថានសុខាភិបាល។ លទ្ធផល នៃការត្រួតពិនិត្យទាំងនោះ ត្រូវបានបង្ហាញ ក្នុងអង្គសិក្ខាសាលានេះ។
លោកសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាល មានការលើកទឹកចិត្ត និងជំរុញ ឲ្យមានកិច្ចសហការគ្នាបន្ថែមទៀត រវាងកម្មវិធីជាតិសុខភាពមាតា-ទារក-កុមារ និងអាហារូបត្ថម្ភនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងដៃគូអភិវឌ្ឍ។
តាមរយៈនៃកិច្ចសហការនេះ ការពង្រឹងគុណភាពនៃសេវាថែទាំសុខភាពកុមារ និងការថែទាំជាសារវន្តទារកទើបនឹងកើត នឹងត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព កុមារនិងទារកទើបនឹងកើត និងត្រូវបានសង្គ្រោះជីវិត កាន់តែបានច្រើនថែមទៀត៕