(ភ្នំពេញ)៖ បន្ទាប់ពីតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ ព្រោះរឿងគំរាមបាញ់សម្លាប់ប្រពន្ធ, អតីតឧកញ៉ា ហូរ ចំរើន នៅមានរឿងជាច្រើនទៀត ដែលត្រូវរងបណ្តឹង ក្នុងដៃតុលាការរាជធានីភ្នំពេញ។
ជាក់ស្តែង នៅម៉ោងប្រមាណ១១៖៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ជនជាប់ចោទឈ្មោះ ហូរ ចំរើន ត្រូវបានមន្ត្រីពន្ធនាគារព្រៃស «ម១» ដឹកតាមរថយន្ត ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2706 យកមកតុលាការដើម្បីធ្វើការសួរនាំ ដោយមានរថយន្តកងអង្គរក្សរបស់អតីតឧកញ៉ា ហូរ ចំរើន បើកតាមហែរហមអមដំណើរផងដែរ។
មន្ត្រីពន្ធនាគារព្រៃស បានត្រឹមលួចបង្ហើបថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យនាំខ្លួនមកសាកសួរ ពាក់ព័ន្ធរឿងឆបោកលុយកាក់គេ។
បើតាមការបង្ហើបរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីត្រូវចាប់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស ព្រោះរឿងបាញ់បោះនោះ អតីតឧកញ៉ារូបនេះ នៅមានបណ្តឹងឆបោកប្រាក់ចំនួន៣ករណីទៀត ក្នុងទំហំទឹកប្រាក់លានដុល្លារ ក្នុងនោះក៏មានការជាប់ពាក់ព័ន្ធជនជាតិចិនផងដែរ។
ក្រោយពីចៅក្រមសាកសួរចប់ អតីតឧកញ៉ា ហូរ ចំរើន ត្រូវមន្ត្រីពន្ធនាគារព្រៃស ដឹកយកទៅដាក់ពន្ធនាគារវិញផងដែរ។
គួររំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕