(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់ នៅផ្សារបឹងកន្តួត នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់ ទៅលើម្ហូបអាហារ ដែលអាជីវករដាក់តាំងលក់ ដែលលទ្ធផល មន្ត្រីជំនាញរកពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែក្រុមការងារបានរកឃើញ ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ដោយបានធ្វើកំណត់ហេតុ ដកហូតទំនិញ ចំនួន៦មុខ សរុប២២៩គីឡូក្រាម ដុតកម្ទេចចោលភ្លាមៗ នៅចំពោះមុខសមត្ថកិច្ច។
ក្នុងឱកាសនោះ ក្រុមការងារក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។
ដោយឡែក នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តទៅចុះផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាពម្ហូបអាហារ និងអនុវត្តជាក់ស្តែង នៅសាលាបឋមសិក្សាបឹងកន្តួត នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត។
លោកប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការផ្សព្វផ្សាយអប់រំនេះ មានការចូលរួមពីសិស្សានុសិស្សចំនួន២៥៣នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ សរុប២៧៣នាក់៕