(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨នេះ បានចុះឆែកឆេរចំណីអាហារ និងបន្លែរផ្លែឈឺជាង៤០មុខ នៅផ្សារដើមគរ ដើម្បីបន្តស្វែងរកសារធាតុគីមីហាមឃាត់ ហើយក្នុងប្រតិបត្តិការនោះ បានរឹបអូសបង្គាជិត២០គីឡូក្រាម ក្រោយរកឃើញថា បង្គានោះបានចាក់ចាហួយចូលក្នុងពោះ ដើម្បីបង្កើនគីឡូ និងជីរណាជាច្រើនគីឡូទៀត មានផ្ទុកសារធាតុគីមីហាមឃាត់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មគណៈកម្មការផ្សារដើមគរចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបមឋនិងយកគំរូចំនួនជាង៤០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមករថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់។
លោក គង់ វុទ្ធីបានបញ្ជាក់ទៀតថាក្រោយពិនិត្យបឋមក្រុមការងាររបស់លោក បានរកឃើញចាហួយចាក់ក្នុងពោះបង្គា ដើម្បីបង្កើនគីឡូជិត២០គីឡូក្រាមដែលអាជីវករកំពុងដាក់ លក់ក្នុងផ្សារដើមគរ និងសារធាតុគីមីហាមឃាត់ក្នុងជីរណាចំនួន១៨គីឡូក្រាមហើយក្រុមការងារក៏សម្រេចយកទៅកំទេចចោល។
ដោយឡែក អាជីវករត្រូវបានមន្រ្តីរបស់លោកហៅ ទៅធ្វើកិច្ចសន្យាផងដែរ។ យ៉ាងណាក៏ដោយលោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម លក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា សកម្មភាពទាំងនេះអនុវត្តន៍ទៅតាមការណែនាំរបស់ឯកឧត្តមប្រធានប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនឹងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕