(ភ្នំពេញ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ទនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្ដមន្ទីរពិសោធន៍ប្រេងឥន្ទនៈចល័ត ដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ទនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួន ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដោយមានកិច្ចសហការជាមួយមន្ដ្រីជំនាញសាខាកាំកុងត្រូលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញរបស់មន្ទីរពិសោធន៍ ដែលធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ទនៈមិនសមស្រប និងដើម្បីទប់ស្កាត់ការក្លែងបន្លំ។
លោក ងួន សុមល្លីវង្ស បានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតោន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្ដមន្ទីរពិសោធន៍ចល័ត។
លោកអនុប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ទនៈរបស់ដេប៉ូតេលា២កន្លែង ដោយមានដេប៉ូមួយ ដែលមានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកដេប៉ូតេលា ឈូករ័ត្ន មួយកន្លែងទៀត ដែលបានរកឃើញភាពមិនអនុលោមនោះ មន្ដ្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសម្រេចផ្អាកដំណើរចែកចាយ ដើម្បីចាត់ចែងតាមនីតិវិធី។ ចំពោះថ្លៃលក់រាយ ស្ថានីយដេប៉ូទាំង២ទីតាំង បានអនុវត្តត្រឹមត្រូវតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។
លោកបានបញ្ជាក់ទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់នៅកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយ ក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ច ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់។
ជាមួយគ្នានេះ ត្រូវតាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្ដើមជាមួយគ្នាម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹង ពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕