(ភ្នំពេញ)៖ ខណៈក្រុមប្រឆាំងកំពុងបន្តបែកបាក់គ្នាជាពិសេស បន្ទាប់ពី សម រង្ស៉ី បានធ្វើបក្សប្រហារដណ្តើមយកក្បាលម៉ាស៉ីន ដឹកនាំអតីតគណបក្សប្រឆាំង, អាថ៌កំបាំងទាំងឡាយនៅពីក្រោយឆាក នៃសកម្មភាពប្រឆាំងដ៏ពុះកញ្ជ្រោលពោរពេញដោយការញុះញង់ និងហិង្សានៅក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ត្រូវបានបកអាក្រាតជាបន្តបន្ទាប់ ធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើលជាមួយ និងឧបាយកលទុច្ចរិតដ៏ខ្មៅកខ្វក់របស់ក្រុមប្រឆាំង ដែលស្ទើរធ្វើឲ្យសន្តិភាព និងស្ថិរភាពរបស់ប្រទេស ដែលរកបានដោយលំបាកត្រូវបានបំផ្លាញ។
លោក គង់ គាំ ដែលជាអ្នកចូលរួមតស៊ូនយោបាយជាមួយ សម រង្ស៊ី និងកឹម សុខា បានបកអាក្រាតនូវផែនការទុច្ចរិតរបស់សម រង្ស៊ី និង កឹម សុខា ក្នុងការបំផ្លាញជាតិ និងប្រជាជនកម្ពុជាដើម្បី បំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួនក្រោមលេសសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្រោមការគាំទ្រពីចៅហ្វាយនាយបរទេសរបស់ពួកគេ។ នេះបើយោងតាមកិច្ចសម្ភាសជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៨។
ទី១៖ លោក គង់ គាំ បានថ្លែងថា សម្រាប់បញ្ហាកម្ពុជាយើងនេះ ខ្ញុំយល់ច្បាស់ថា ឆន្ទៈប្រជាពលរដ្ឋបានគាំទ្រគណបក្សគ្រប់គ្រងអំណាចជាបន្តបន្ទាប់វាច្បាស់លាស់ និងយុត្តិធម៌បំផុត នៅឆ្នាំ២០១៣ ហ្នឹងហើយ។ អាសនៈ (CNRP) ៥៥ និង (CPP) ៦៨ នោះ វាអត់មានខុសអីទេ ហើយបន្ទាប់ពីអវត្តមានរបស់គណបក្សសង្គ្រោះជាតិ ពលរដ្ឋបានគាំទ្រគណបក្សប្រជាជនច្រើនលើសលប់»។ ចំណុចនេះគឺបានទទួលស្គាល់ការបោះឆ្នោតឆ្នាំ២០១៣ថា ត្រឹមត្រូវហើយការចោទប្រកាន់រឿងភាពមិនប្រក្រតី ជារឿងភូតកុហក បោកប្រាស់ប្រជាជន ដើម្បីធ្វើជាលេសប្រមូលផ្តុំធ្វើមហាបាតុកម្ម ក្នុងឧបាយកលបដិវត្តន៍ពណ៌ ដែលស្ទើរធ្វើឱ្យស្ថិរភាព និងសន្តិភាពរបស់ប្រទេសរងគ្រោះថ្នាក់។
ទី២៖ លោក គង់ គាំ បានថ្លែងថា កឹម សុខា បានយកយុទ្ធសាស្ត្របរទេសដែលធ្លាប់ទទួលបានជោគជ័យកន្លងមកនៅប្រទេស ទុយនេស៊ី និង ស៊ែប៊ី ប៉ុនប៉ងយកមកអនុវត្តនៅកម្ពុជា និងបានធ្វើឱ្យលោក កែប្រែចិត្តមិនអាចបន្ត រួមរស់ជាមួយអតីតគណបក្ស សង្គ្រោះជាតិតទៅទៀត។ លោក គង់ គាំ បានថ្លែងថា មានការខ្វែងគំនិត គ្នាក្នុងចំណោមមេដឹកនាំបក្សសង្គ្រោះជាតិនៅពេលនោះ។ គង់ គាំ បានថ្លែងថា សម រង្ស៊ី កាលពីឆ្នាំ២០១៣ ក្រោយពីរាប់សន្លឹកឆ្នោតមិនឃើញកើនអាសនៈនៅតែបន្តអំពាវនាវឱ្យមានការប្រមូលផ្តុំកាន់តែធំឡើងគ្មានពេលបញ្ចប់ហាក់ដូចជា នាំឲ្យមានគ្រោះថ្នាក់ ដោយលើកសម្តី សម រង្ស៊ី ថា យើងចង់បានអំណាចក្រៅការបោះឆ្នោត ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង!»។
តាមរយៈការលើកឡើងខាងលើនេះ លោក គង់ គាំ បានក្លាយជាសាក្សីរស់ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៣ និងការអនុវត្តផែនការបដិវត្តន៍ពណ៌របស់ក្រុម សម រង្ស៊ី និង កឹម សុខា។ ការណ៍ដែល សម រង្ស៉ី ប្រមូលផ្តុំមនុស្សឱ្យធ្វើមហាបាតុកម្ម គឺជាការចង់បានអំណាចក្រៅការបោះឆ្នោត ដែលមានន័យស្មើនឹងការប៉ុនប៉ងក៏បាន ឬការចាប់ផ្តើមក៏បាន ក្នុងការអនុវត្តផែនការប្រមូលផ្តុំប្រជាជន ធ្វើបដិវត្តន៍ពណ៌ ហើយនេះក៏ជាភស្តុតាងបន្ថែមផងដែរ ទៅលើផែនការបដិវត្តន៍ពណ៌ដែល កឹម សុខា និង សម រង្ស៊ី បានអនុវត្ត។ សម្តីរបស់ កឹម សុខា នៅប្រទេសអូស្រ្តាលី ពាក់ព័ន្ធនឹងផែនការបរទេស ដើម្បីផ្តួលរំលំរដ្ឋអំណាចនៅកម្ពុជា តាមគំរូបដិវត្តពណ៌នៅស៊ែប៊ី និងយូហ្គោស្លាវី គឺជាតឹកតាងស្រាប់ សម្រាប់ពន្យល់អោយកាន់តែច្បាស់ អំពីជំហាននៃការប្រមូលផ្តុំកំលាំងមហាជន ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចតាមគំរូបដិវត្តពណ៌។
ទាំងនេះគឺជាអ្វីដែល គង់ គាំ មេដឹកនាំមួយរូបនៃក្រុមប្រឆាំង មិនត្រឹមតែអាចធ្វើសាក្សីនៃនយោបាយបដិវត្តន៍ពណ៌របស់ សម រង្ស៉ី និង កឹម សុខា ប៉ុណ្ណោះទេ តែ គង់ គាំ បានសម្រេចចែកផ្លូវពី សម រង្ស៉ី និងចលនាប្រឆាំងរបស់មេដឹកនាំរូបនេះ ដែលគាត់បានតស៊ូជាមួយរយៈពេលជាងពីរទសវត្សរ៍មកហើយ និងបានទៅចូលរួមគាំទ្របង្កើតគណបក្សមួយផ្សេងដើម្បីចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ៕
ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨