(បាត់ដំបង)៖ ហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចមួយ បានកើតមានឡើងនៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានសត្វខ្លាធំមួយក្បាល ចូលក្នុងភូមិហើយខាំសម្លាប់គោរបស់ប្រជាពលរដ្ឋមួយក្បាល ទាំងកណ្ដាលរាត្រី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អធិការនគរបាលស្រុកសំឡូត លោក កោ ស៊ុនកាំង បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន ដោយសត្វខ្លាធំនោះបានចេញពីព្រៃ ហើយចូលទៅខាំកាច់គោមួយក្បាល បណ្ដាលឲ្យងាប់ភ្លាមៗ ដែលមានម្ចាស់ឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ជាមួយគ្នានេះ ប្រពលរដ្ឋមូលដ្ឋានក៏បានបញ្ជាក់ដែរថា ដោយសារតែហេតុការណ៍នេះ តែងកើតឡើងជាច្រើនដងរួចមកហើយ ទើបធ្វើឲ្យពួកគាត់មានក្តីបារម្ភខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសក្មេងៗ ឥឡូវកើតលើសត្វ ដូច្នេះលើក្រោយអាចកើតលើមនុស្សក៏អាចថាបាន។
យ៉ាងណាមិញ ទាំងលោកអធិការស្រុក និងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ខណៈអាជ្ញាធរ និងសមត្ថកិច្ច ក៏ត្រៀមលក្ខណៈដើម្បីទប់ស្កាត់លើបញ្ហានេះផងដែរ។
លោក ជា សុផល នាយរងប៉ុស្តិ៍កំពង់ល្ពៅ បានរម្លឹកថា កាលពី២ឆ្នាំមុន សត្វខ្លានេះធ្លាប់ចុះមកអុកឡុកអ្នកភូមិ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចម្តងហើយ។ ដោយសារតែហេតុការណ៍នេះ ទើបធ្វើឲ្យពួកគាត់មានក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសក្មេងៗ ឥឡូវនេះវាខាំលើសត្វគោ ដូច្នេះលើក្រោយអាចមកខាំលើមនុស្សក៏អាចថាបាន។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា ក្រោយពីកើតហេតុហើយ សមត្ថកិច្ចយើងបានសហការជាមួយប្រជាការពារភូមិ និងកងកម្លាំងផ្សេង ទៀតប្រដាប់ដោយអាវុធការពារ នៅតាមភូមិនានា តាមជើងភ្នំតូចៗ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងព្យាយាមចាប់សត្វខ្លានេះ ឲ្យបានតាមការជាក់ស្តែងដែលអាចធ្វើបាន៕