(កណ្ដាល)៖ ដើម្បីចែករំលែកការពិបាករបស់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្រីក្រ អ្នកគ្មានទីពឹង និងជនចាស់ជរា ដែលរស់នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សប្បុរសជនវ័យក្មេងមួយក្រុម និងព្រះសង្ឃបាននាំយកអំណោយ ជាច្រើនជូនទៅដល់ពួកគេ។
ការចែកជូនអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សទាំងនេះជា ការចែករំលែកក្តីស្រលាញ់ ដ៏ធំធេងមួយរបស់សប្បុរជនវ័យក្មេង ហើយនេះជាការផ្ដួចផ្ដើមគំនិតពី ព្រះគ្រូរតនរង្សី សៀង បូរិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក។
ការចែកអំណោយនេះធ្វើឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដោយបានពាំនាំអំណោយជាច្រើនរួមមាន៖ សម្ភារសិក្សា, គ្រឿងឧបភោគ-បរិភោគ ដល់កុមារទីទាល់ក្រចាស់ជរា នៅសាលាបឋមសិក្សាព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ព្រះគ្រូរតនរង្សី សៀង បូរិទ្ធ មានសង្ឃដីកាថា «ព្រះគ្រូក៏ជាកូនកំព្រាគ្មានទីពឹង ដូច្នេះហើយទើបព្រះគ្រូមានក្តីអាណិត និងបង្កើតក្រុមសប្បុរសធម៌នេះឡើង ដើម្បីខិតខំប្រឹងប្រែងស្វែងរកជំនួយមកផ្គត់ផ្គង់ ដល់សាមណៈសិស្សដែល បានមករៀនក្នុងវត្តព្រះប្រសប់ និងជនទីទាល់ក្រដទៃទៀត»។
លោក Eric Chong តំណាងក្រុមហ៊ុន Prime One Real Estate limited សប្បុរសជនផ្ដល់ថវិកាក្នុងការរួមចំណែក ក្នុងកម្មវិធីសប្បុរធម៌នេះបានបង្ហាញ អារម្មណ៍សប្បាយរីករាយដែលបានរួមចំណែក ផ្តល់ក្តីស្រលាញ់ជូនបងប្អូនកម្ពុជា ដែលខ្វះខាតធនធាន ពិសេសក្មេងៗក្រីក្រមានជីវភាពក្រខ្សត់ ហើយអំណោយមួយចំណែកនេះអាចរំលែកទុក្ខលំបាក បានមួយគ្រាសម្រាប់ពួកគេផងដែរ។
សូមបញ្ជាក់ថា អំណោយដែយកទៅចែកជូននោះរួមមានជូនសិស្សានុសិស្សចំនួន៣០០នាក់, គ្រួសារក្រីក្រ៣២គ្រួសារ, លោកគ្រូអ្នកគ្រូមានសម្ភារៈសិក្សា គ្រឿងបរិភោគ ឧបភោគ បរិភោគ និងថវិកាមួយចំនួន៕