(ភ្នំពេញ)៖ ជនសង្ស័យ១០នាក់ រួមទាំងថ្នាំញៀន និងសម្ភារមួយចំនួន ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាន ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង១០នាក់ ធ្វើការបង្ក្រាបបានចំនួនបីទីតាំងផ្សេងគ្នា នៅក្នុងមូលដ្ឋានខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដោយប្រតិបត្តិការទី១ ឃាត់ខ្លួនជនសង្ស័យ៦នាក់ កំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅភូមិស្រែញ័រ សង្កាត់ពងទឹក។
សម្រាប់ប្រតិបត្តិការទី២ កម្លាំងប៉ុស្តិព្រែកកំពឹស ធ្វើការល្បាតឃើញជនសង្ស័យម្នាក់ កំពុងជក់ថ្នាំញៀន ក៏ឃាត់តែម្តង។ ចំណែកប្រតិបត្តិការទី៣ គឺកម្លាំងនគរបាលចូលរួម ជាមួយគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗ នៅផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ហើយខណៈនោះមានជនសង្ស័យ៣នាក់ ជិះកាត់គោលដៅ។
ឃើញសង្ស័យ កម្លាំងសមត្ថកិច្ចបានឃាត់ឆែកឆេរ ក៏ឃើញមានថ្នាំញៀនជាប់ខ្លួន ដូច្នេះសមត្ថកិច្ច សម្រេចឃាត់ខ្លួនភ្លាមៗតែម្តង។ នេះបើតាមលោកវរសេនីយ៍ឯក ជឹម ស៉ីថា បានបញ្ជាក់បន្ថែម។
លោកអធិការបន្តថា ក្នុងប្រតិបត្តិការទាំង៣ទីតាំងនេះ កម្លាំងបានដកហូតវត្ថុតាងបានថ្នាំញៀន និងសម្ភារមួយចំនួន។ ដោយបច្ចប្បន្នជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសួរនាំ របស់កម្លាំងជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធី៕