(ភ្នំពេញ)៖ ប្រជាពលរដ្ឋព័ទ្ធចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ខណៈពួកគេចូលធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋ ចូលលួចសម្ភារហើយម្ចាស់គេមកទាន់។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧មករា ភូមិពាន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់របស់ស្ត្រីដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូទៅផ្សារ ដើម្បីទិញម្ហូប ដោយចាក់សោរទ្វារផ្ទះចោល។ លុះពេលត្រឡប់មកវិញ ឃើញជនសង្ស័យ២នាក់ ឈរយាមនៅខាងមុខផ្ទះគាត់។
ភ្លាមៗនោះគាត់ក៏ឆោឡោ បង្កឲ្យជនសង្ស័យ២នាក់ រត់គេចខ្លួនបាត់។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលកំពុងសង្ងំកកាយលួចសម្ភារក្នុងផ្ទះ ត្រូវបានម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ ព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិព្រៃស។ នេះបើតាមស្រ្តីម្ចាស់ផ្ទះ បានបញ្ជាក់បន្ថែម។
ស្ត្រីខាងលើបន្តថា ផ្ទះរបស់គាត់មិនមែនលើកទី១មួយទេ ដែលត្រូវចោរគាស់យកសម្ភារ គឺ៣លើកទាំងនេះ ប៉ុន្តែសំណាងលើកនេះ គាត់មកទាន់ ក៏ចាប់បានជនសង្ស័យតែម្តងទៅ។
ក្រោយមានករណីនេះ កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃស បានចុះដល់ទីតាំងកើតហេតុ និងបាននាំខ្លួនជនសង្ស័យនោះ ទៅការប៉ុស្តិរដ្ឋបាល ដើម្បីធ្វើការសាកសួរ តាមចាប់បក្ខពួកពីរនាក់ទៀត យកមកផ្តន្ទាទោសតាមនីតិវិធី៕