(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។
ការក្រើនរំលឹករបស់សម្តេច ហេង សំរិន បានធ្វើឡើងក្នុងពិធីបើកសន្និបាតសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះនាសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នៅចំពោះមុខសមាជិក សមាជិការាប់ចាប់ពីអភិបាលស្រុក ខណ្ឌឡើងទៅជាង ៣ពាន់នាក់ សម្តេច ហេង សំរិន បានគូសរំលេចពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីខែកក្កដា កន្លងទៅដែលប្រជាពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោតនិងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៧៦,៨៥% ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំង១២៥ លើ១២៥។
សម្តេច ហេង សំរិន ចាត់ទុកលទ្ធផលនេះ គឺជាលទ្ធផលមួយដ៏ល្អប្រសើរសម្រាប់គណបក្សប្រជាជនកម្ពុជា។ តែសម្តេចបានរំលឹកដល់សមាជិក សមាជិកាទាំងអស់មិនត្រូវភ្លេចខ្លួន និងស្កប់ស្កល់ជាមួយលទ្ធផលនេះឡើយ។
សម្តេច ហេង សំរិន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ពេលគណបក្សទទួលបានជ័យជម្នះយើងរីករាយនឹងជ័យជម្នះតែយើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយព្រោះគ្រប់សមរភូមិភារកិច្ចរបស់យើងសុទ្ធតែមានបញ្ហាប្រឈមឬយថាហេតុ នៃហានិភ័យដែលអាចកើតមានឡើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងប្រឹងប្រែងជាប់ជានិច្ចដើម្បីសេចក្ដីសុខសាន្ត និងភាពសម្បូរណ៍រុងរឿងរបស់ប្រជាជន និងប្រទេសជាតិយើង»។
ក្នុងប្រសាសន៍បើកសន្និបាតនោះសម្តេច ហេង សំរិន ក៏បានរំលឹកពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងដាស់តឿនដល់សមាជិក សមាជិកាទាំងអស់បន្តអនុវត្តន៍ឲ្យបានសម្រេចនូវតួនាទីស្នូលទាំងនោះផងដែរ។ សម្តេចប្រធានកិត្តិយសបក្សកាន់អំណាចរូបនេះ បានលើកឡើងថា «យើងត្រូវចងចាំកុំភ្លេចថាគណបក្សប្រជាជនកម្ពុជាកើតឡើងដោយសារប្រជាជន ជារបស់ប្រជាជនដើម្បីបម្រើប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។ ពេលប្រជាជនមានទុក្ខលំបាកគណបក្សមានមុខជានិច្ចជាមួយប្រជាជនហើយរាល់ជ័យជម្នះរបស់គណបក្សប្រជាជនជាមាសរបស់ប្រជាជនដែរ»។
សម្តេច ហេង សំរិន ក៏បានរំលឹកដល់សមាជិក សមាជិកាបក្សផងដែរថា បើទោះបីការបោះឆ្នោតកន្លងទៅប្រជាពលរដ្ឋបានគាំទ្រច្រើនលើសលុបយ៉ាងណាក្តី ត្រូវបន្តស្មោះត្រង់ និងអនុវត្តពិតងាករេនូវនយោបាយនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលខិតខំពង្រឹងពង្រីកវិសាលភាពប្រជាធិបតេយ្យស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា ដូចជាការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដើម្បីប្រមូលធាតុចូលនៃទស្សនកិច្ចកម្រិតជាប្រយោជន៍ដល់ការស្ថាបនាជាតិការចុះបញ្ជីនៃគណបក្សនយោបាយថ្មី សមាគម និងអង្គការក្រៅរដ្ឋាភិបាលថ្មីជាដើម៕