(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាពេលថ្មីៗនេះ បានចុះពិនិត្យការដ្ឋានស្ថាបនាសួនច្បារ១៤មករាឡើងវិញ ក្រោយមានសភាពចាស់ទ្រុឌទ្រោម ស្មៅដុះទ្រុព ដែលមានទីតាំងនៅជាប់ស្ពានថ្ម ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា សួនច្បារនេះពីមុន ស្ថាបនាឡើងក្នុងអំឡុងអាណត្តិដឹកនាំរបស់លោក អ៊ុង សាមី អតីតអភិបាលខេត្តពោធិ៍សាត់ ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង, បច្ចុប្បន្នសួនច្បារនេះមានសភាពចាស់ទ្រុឌទ្រោម ស្មៅដុះទ្រុព តម្រូវមានការឱ្យស្ថាបនាឡើងវិញ ដោយបែងចែកជាទីធ្លាការ៉ូឡា សួនច្បារ បង្គោលភ្លើង និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកំសាន្ត និងហាត់ប្រាណផងដែរ។
ទន្ទឹមនឹងនេះលោក ម៉ៅ ធនិន បានថ្លែងឱ្យដឹងថា ក្រោយពីបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយទទួលបានជោគជ័យលើសពីការរំពឹងទុកនោះរួចមក លោកបានរៀបចំឱ្យមានកម្មវិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដែលពុំធ្លាប់មានទាល់តែសោះ ក្រោយឆ្នាំ១៨៧៩ ហើយដោយមានប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនលើសលុប រហូតទៅដល់ជាង៥ម៉ឺននាក់។
លោកបានបន្ថែមថា បន្ទាប់ពីរៀបចំអបអរសាទរកម្មវិធីសប្បាយនានានោះរួចហើយ យើងដល់ពេលដែលត្រូវបន្តចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពស្រស់បំព្រង និងរីកចម្រើនបន្ថែមទៀត ជាក់ស្តែង ដូចជាសួនច្បារ១៤មករានេះ ត្រូវបានធ្វើឡើងបន្តបន្ទាប់ពីលើសមិទ្ធផល ដែលបានធ្វើរួច ដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្ត ភ្លើងស្តុប ផ្លូវកៅស៊ូភូមិចំការចេក ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង។ល។
លោក ប៊ុន ធឿន មានមុខរបរជាអ្នករត់រថយន្តឈ្មួល បានឱ្យដឹងថា ចាប់តាំងពីអាណត្តិដឹកនាំរបស់លោក ម៉ៅ ធនិន ឃើញថា ខេត្តពោធិ៍សាត់ មានការផ្លាស់ប្តូរសោភណ្ឌភាពគួរជាទីមោទន។ ពីមុនគាត់រត់មួយជើងត្រូវបង់ភាស៊ីមិនតិចជាង១ម៉ឺនរៀល ដែលការបង់នេះ វាលើសពីសៀវភៅបន្ទុកទៅទៀត ទើបតែអាណត្តិ លោក ម៉ៅ ធនិន បានរៀបចំឱ្យមានកម្មវិធីសំណេះសំណាល ដោះស្រាយបញ្ហាប្រឈម ជាលក្ខណៈក្រុមគ្រួសារអ្នករត់តាក់ស៊ី ដោយលោកបានដាក់ឱសានវាទ ឱ្យអ្នកម៉ៅការបេន ត្រូវទទួលយកតម្លៃភាស៊ីទៅតាមសៀវភៅបន្ទុក នឹងមានការយោគយល់អត់អោនឱ្យគ្នាទៅវិញទៅមក ព្រោះយើងទាំងអស់គ្នាសុទ្ធសឹងជាគ្រួសារតែមួយរស់ក្រោមដំបូលសុខសន្តិភាព ជាមួយគ្នា។
លោក ប៊ុន ធឿន បានបន្ថែមទៀតថា ពីមុនខេត្តរបស់យើងពុំធ្លាប់ មានកម្មវិធីប្រណាំងទូកនោះឡើយ ចំពោះឆ្នាំនេះមានកម្មវិធីប្រណាំងទូក «ង» លោកមានចិត្តរំភឺបរីករាយក្រៃលែង ដោយមិនស្មានថា មានការល្បីរន្ទឺរហូតទៅដល់បណ្តាខេត្តផ្សេងទៀតថាខេត្តពោធិ៍សាត់ បច្ចុប្បន្ន មានការប្រែមុខមាត់ថ្មី ពីខេត្តដែលធ្លាប់ឆ្លងការ ក្លាយមកជាខេត្តដែលមានភ្ញៀវទេសចរណ៍ចូលមកទស្សនាច្រើន ជាក់ស្តែងដូចជាផ្លូវជាតិ លេខ៥៥ ទៅកាន់ព្រំដែនកម្ពុជា-ថៃ វាហាក់បីដូចជាឋានសួរគ៌ាយ៉ាងដូច្នោះឯង៕