(សៀមរាប)៖ ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្សតំបន់អង្គរមានទាំងជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការផ្តល់យោបល់ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតច្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។
ជាក់ស្តែង ដោយមើលឃើញពីសក្តានុពលសិល្បៈបុរាណ ក្នុងការទាក់ទាញទេសចរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជន អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញូវហ្សេឡែន តាមរយៈគម្រោង (ACHA) បង្កើតសហគមន៍កុដិសូរឡើង នៅឆ្នាំ២០១០ នៅភូមិរហាល និងស្រះស្រង់ខាងជើង ដើម្បីលើកតម្លៃសិល្បៈខ្មែរផង និងបង្កើនជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរផង ព្រោះអ្នកស្រុកនៅភូមិនេះ មានចំណេះជំនាញខាងសិល្បៈសិប្បកម្មយ៉ាងចំណានពីដូនតា រហូតមកដល់បច្ចុប្បន្ន។
លោក សំ កុសល មន្ត្រីនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងគ្រប់គ្រងគម្រោង បានឱ្យដឹងថា សហគមន៍កុដិសូរមានបម្រើសេវាកម្មពីរ គឺរទេះទេសចរ និងសិប្បកម្ម។ ប៉ុន្តែបច្ចុប្បន្នរទេះគោទេសចរបានធ្លាក់ចុះសល់ត្រឹម៤រទេះប៉ុណ្ណោះ ដោយសារកត្តាភ្ញៀវ ការផ្សព្វផ្សាយមិនបានទូលំទូលាយ ការងាកទៅប្រើគ្រឿងយន្តក្នុងរបរកសិកម្ម និងទម្លាប់ប្រជាជនលក់គោពេញកម្លាំងចេញពេលដកស្ទូងរួច ទើបមិនមានគោសម្រាប់ដឹកជញ្ជូន។
ដោយឡែក សិប្បកម្មចម្លាក់ និងឧបករណ៍ភ្លេងខ្មែររបស់ប្រជាជនទាំង៤៨គ្រួសារ គឺនៅតែទទួលបានការពេញនិយម ហើយមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងឈ្មួញ។
លោក កុសល បន្ថែមថា ដើម្បីអភិវឌ្ឍន៍សមត្ថភាពផ្នែកសិប្បកម្ម ក្រុមការងារក៏បាននាំប្រជាជនទៅទស្សនកិច្ចសិក្សានៅក្រៅស្រុក និងក្រៅប្រទេសផងដែរ ដើម្បីស្វែងយល់បន្ថែមពីក្បាច់ចម្លាក់ បច្ចេកទេសក្នុងការធ្វើថាមានអ្វីដែលខុសប្លែកពីតំបន់ខ្លួន។ តាមរយៈគម្រោងកុដិសូរ ក៏នាំទីផ្សារដល់ប្រជាជនផងដែរ ដោយការមានសិទ្ធិយកសម្ភារៈទៅលក់នៅពិព័រណ៍ថ្នាក់ខេត្ត និងអង្គរសង្ក្រានជាដើម។
លោក ឃុំ សឿត បានឱ្យដឹងថា លោកមានជំនាញខាងចម្លាក់ឈើតូចៗ និងរទេះគោ ជាង២០ឆ្នាំមកហើយនៅភូមិរហាល។ កាលមិនទាន់ចូលជាសមាជិកសហគមន៍កុដិសូរ ការលក់ដូរមិនសូវមានទីផ្សារច្រើនទេ តែក្រោយពេលមានសមាគមន៍នេះ អាជ្ញាធរជាតិអប្សរា និងប្រទេសញូវហ្សេឡែនបានបង្កើនការផ្សព្វផ្សាយ ធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិបានស្គាល់ច្រើន ហើយខ្លះបានមកទិញដល់កន្លែង ពេលខ្លះផលិតមិនទាន់តម្រូវការទីផ្សារទេ ហើយយើងមានសិទ្ធិយកទៅលក់នៅក្នុងព្រឹត្តិការណ៍ធំៗក្នុងខេត្តសៀមរាបផង។ លើសពីនេះ គម្រោងក៏បាននាំទៅទស្សនកិច្ចនៅកំពង់ឆ្នាំង កំពង់ស្ពឺ និងប្រទេសវៀតណាម ដើម្បីមើលពីការផលិតសិប្បកម្មរបស់គេ ទុកជាបទពិសោធន៍មកច្នៃប្រឌិតបន្ថែមលើអ្វីដែលខ្លួនមាន។
ជាអ្នកជំនាញធ្វើរទេះគោដែលចេះតគ្នាពីអ្នកភូមិដែរនោះ លោក វួន ហ៊ាង បានប្រាប់ថា ការលក់ចម្លាក់ឈើវត្ថុអនុស្សាវរីយ៍នៅទីនេះ ទទួលបានកម្រៃគួរសមតាមខែមានភ្ញៀវតិច-ច្រើន និងលក់ឱ្យឈ្មួញ។ តែអ្វីដែលជួបការលំបាក គឺការរកឈើមកធ្វើចម្លាក់ពិសេសក្នុងរដូវភ្លៀង ណាមួយតម្លៃឈើសព្វថ្ងៃក៏ឡើងថ្លៃ ហើយទិញទុកយូរ វាក៏ខូចទៀត។
លោក ហ៊ាង ក៏សំណូមពរឱ្យអាជ្ញាធរជាតិអប្សរាជួយយកចិត្តទុកដាក់លើផ្នែកបរិស្ថាន និងផ្សព្វផ្សាយពីសហគមន៍កុដិសូរឱ្យបានច្រើន ដើម្បីអភិរក្សរបរសិប្បកម្មសិល្បៈមួយនេះ ហើយលោកក៏មានទទួលបង្រៀនសិស្សដោយមិនគិតថ្លៃផងដែរ។
សម្រាប់គ្រួសារអ្នកស្រី ព្រឿង សាអឿម ដែលជំនាញខាងផលិតឧបករណ៍ភ្លេងខ្មែរតាំងពីឆ្នាំ១៩៩២ មានសាដៀវ ទ្រ ជាដើមនោះ បានលើកឡើងថា របរនេះជួនកាលដាច់ខ្លាំងធ្វើមិនទាន់ ជួនក៏បានតិច តាមភ្ញៀវកើនឡើងឬធ្លាក់ចុះ ហើយអ្នកទិញយកទៅលក់បន្តមានទាំងខ្មែរនិងថៃ។ តាមរយៈរបរនេះ ធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពសមរម្យ ហើយមិនបាច់ចំណាកស្រុក កូនចៅក៏បានរៀនសូត្រ និងបន្តផ្ទេរមរតកនៃចំណេះទាំងនេះដល់កូនចៅផងដែរ ដើម្បីកុំឱ្យបាត់បង់៕