(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានថ្លែងថា នៅក្នុងពិធីអបអរសាទរបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ ត្រូវបានក្រុមការងាររបស់សាលាក្រុង និងមានការចូលរួមពីក្រុម ស.ស.យ.ក យុវជនកាកបាទក្រហម ប្រជាការពារ ក្រុមហ៊ុនដឹកជញ្ជូនសំរាម ចុះប្រមូលសំរាម ដើម្បីថែរក្សាបរិស្ថានឱ្យមានសោភ័ណភាពទីក្រុង។
លោកបានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនេះ សំរាមជិត៣០០តោន ត្រូវបានប្រមូលយកចាក់នៅទីតាំងគំនរសំរាម។
លោក ឈេង សុវណ្ណដា បានបន្តថា ការប្រមូលសំរាមមិនថា ក្នុងពិធីបុណ្យសមុទ្រនេះទេ គឺក្រុមការងារតែងប្រមូលរាល់ថ្ងៃ នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ មិនទុកយូរឡើយ ពីព្រោះសំរាមវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះខេត្ត និងភ្ញៀវទេចរជាតិ-អន្តរជាតិ ជាពិសេសសុខភាពបងប្អូន ហេតុដូច្នេះ អ្វីដែលសំខាន់យើងត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តកោះកុងយើងក្នុងការឈាន ទៅការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ចូលមកកំសាន្ត ព្រោះខេត្តកោះកុង មានតំបន់អេកូទេសចរណ៍ ដែលមានសោភ័ណភាពច្រើនកន្លែង ដែលធ្វើឱ្យអ្នកទេសចរ មានការចាប់អារម្មណ៍ និងឈានការអភិឌ្ឍ ផ្នែកវិស័យទេចរណ៍ឱ្យមានសក្តានុពល។
លោកបានធ្វើការអំពាវរដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សូមឱ្យវេចខ្ចប់សំរាមទុកដាក់ឱ្យត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនប្រមូលយកទៅទីតាំងដុតកម្ទេចចោល៕