(ភ្នំពេញ)៖ ក្រុមយុវជនកម្ពុជា និងអ្នករៀបចំព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត «Cambodia Motorsport Arena 200 Laps Enduro 2018» បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចាប់ពីឆ្នាំ២០១៩ កីឡាករកម្ពុជា នឹងខិតខំពង្រីកសមត្ថភាពលើវិស័យកីឡាប្រណាំងយានយន្តនេះ ឱ្យកាន់តែខ្លាំងក្លាដូចនៅអន្តរជាតិ ដើម្បីមានឱកាសដណ្ដើមជ័យជម្នះក្នុងការប្រកួតកម្រិតអន្តរជាតិ ពិសេសគឺក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ខាងមុខ។
ក្រោយបញ្ចប់ការប្រកួតកីឡាប្រណាំងយានយន្ត «Cambodia Motorsport Arena 200 Laps Enduro 2018» នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោក BARRY YIP អ្នករៀបចំព្រឹត្តិការណ៍ខាងលើ បានឱ្យដឹងថា ព្រឹត្តិការណ៍ Cambodia Motorsport Arena 200 Laps Endur ឆ្នាំ២០១៨នេះ ពួកគេបានរៀបចំជាលើកទី១៥ហើយ ក្នុងនោះមានកីឡាករជាតិ-អន្តរជាតិចូលរួមសរុប ៣២នាក់ ហើយប្រកួតជាក្រុមបណ្តាក់គ្នា ចំនួន២០០ជុំ។
លោក BARRY YIP អះអាងថា «សម្រាប់ព្រឹត្តិការណ៍ប្រកួតមួយនេះ ចាប់ពីឆ្នាំ២០១៩តទៅ យើងនឹងរៀបចំក្នុងមួយឆ្នាំឱ្យបានយ៉ាងតិច១១លើក ព្រមទាំងពង្រីកព្រឹត្តិការណ៍កាន់តែធំ ដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាបានចូលរួមច្រើនទទួលបានបទពិសោធន៍ និងបច្ចេកទេសពីកីឡាមួយនេះ ឈានទៅចូលរួមប្រកួតប្រជែងការប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ»។
អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានបញ្ជាក់ថា មូលហេតុដែលពួកគេបង្កើតព្រឹត្តិការណ៍ Cambodia Motorsport Arena 200 Laps Enduro 2018 នៅកម្ពុជា ព្រោះពួកគេចង់ឃើញប្រទេសកម្ពុជា មានកីឡាទំនើបដូចប្រទេសផ្សេងៗទៀត។
ចំពោះលទ្ធផល ការនៃការប្រកួតប្រជែងនោះ រួមមាន៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមរបស់លោក PILY WONG លោក YA RO លោក MIKA និងលោក I VAN, ចំណាត់ថ្នាក់លេខ២ បានទៅក្រុមរបស់លោក MAX លោក A LEX និងលោក HAR RY និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមរបស់លោក MARK HVANG លោក EV JIN លោក SOU CHHENG និងលោក CHRIN TOPHER៕