(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សមាគមគ្រូពេទ្យមនុស្សធម៌ប្រចាំប្រទេសបារាំង ដែលបានចំណាយពេលវេលា ទាំងកម្លាំកាយ និងថវិកាជួយដល់ប្រជាពលរដ្ឋកកម្ពុជា ដែលបាន និងកំពុងជួបនូវបញ្ហាសុខភាពផ្សេងៗ។
ការថ្លែងអំណរគុណរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី បានអញ្ញាតឱ្យក្រុមគ្រូពេទ្យសមាគមមនុស្សធម៌មកពីប្រទេសបារាំង ចូលជួបសំដែងការគួរសម និងជម្រាបលានៅទីស្នាក់ការអាជ្ញាធរមីនរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ នៅក្នុងបេសកកម្មរយ:ពេលជាងនេះ សមាគមគ្រូពេទ្យមនុស្សធម៌ប្រចាំប្រទេសបារាំង បានជួយពិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជាជាង៦ពាន់នាក់ និងបានផ្តល់ជាថ្នាំពេទ្យ រទេះជនពិការ អណ្តូងទឹក និងសម្ភារសិក្សាដល់សិស្សានុសិស្សផងដែរ។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើសុំដល់សមាគមគ្រូពេទ្យមនុស្សធម៌ ប្រចាំប្រទេសបារាំង ពិចារណាជួយឧបត្តម្ភក្រុមគ្រួសារ ដែលរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ៕