(ភ្នំពេញ)៖ លោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងអះអាងនៅចំពោះមុខអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅពេលនេះសហភាពអឺរ៉ុបកំពុងរៀបចំផ្តល់ជំនួយនូវថវិកា១១៥លានអឺរូ ដល់កម្ពុជា ដើម្បីអនុវត្តន៍នូវកម្មវិធីចំនួន៣។
ការអះអាងរបស់លោក ច្សច អេដហ្គា ធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកចូលជួបពិភាក្សាអំពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
ក្នុងជំនួបដ៏មានតម្លៃនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើររវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
លោក ច្សច អេដហ្គា បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយសហភាពអឺរ៉ុប ។ ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ, សហភាពអឺរ៉ុបកំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណង (ជំនួយឥតសំណង) សរុបចំនួន១១៥ លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន៣រួមមាន៖
១៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំនួន២២លានអឺរ៉ូបន្ថែម
២៖ កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូ
៣៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ ចំនួន៦លានអឺរ៉ូទៀត។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការគាំទ្រជា គោលការណ៍ចំពោះសំណើកម្មវិធីទាំង ៣ នេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការរៀបចំជាមួយ ក្រសួង ជំនាញពាក់ព័ន្ធដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀង ឱ្យទាន់ដើមឆ្នាំ ២០១៩នេះ៕