(ព្រះវិហារ)៖ អគារមណ្ឌលសុខភាពដ៏ថ្មីសន្លាង នៅតាមតំបន់ដាច់ស្រយ៉ាលស្ថិតក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានតម្លែ ៩៥,០០០ដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោក យឹម យាន អនុរដ្ឋលេខាធិការ តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត និងសប្បុរសជនជាម្ចាស់ជំនួយព្រមទាំង ប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា អគារមណ្ឌលសុខភាពនេះ ជាជំនួយរបស់សប្បុរសជនមកពីប្រទេស ណូវេស (Norway) ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយចំណាយថវិកាសាងសង់សរុប៩៥,០០០ដុល្លារ។ អគារនេះមានទំហំ ៩គុណ២០ម៉ែត្រ។
លោក យឹម យាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនមកពីប្រទេសណូវេស ដែលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សាងសង់អគារមណ្ឌលសុខភាពនេះ ក្នុងគោលបំណងលើកស្ទួយសុខភាព ប្រជាពលរដ្ឋនៅតាមដាច់ស្រយ៉ាលឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការកាត់បន្ថយពេលវេលា ក្នុងការទៅពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យឆ្ងាយៗ ផងដែរ។
ជាមួយគ្នានោះ លោក យឹម យាន ក៏បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធិភាព៕