(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈស្តីពីការដាក់ឱ្យអនុវត្ត «ប្រកាសស្តីពីការបង្ហាញព័ត៌មានសាជីវកម្ម» នៅទីស្តីការ គ.ម.ក. ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក.។
សិក្ខាសាលានេះ មានការចូលរួមពីបុគ្គលចុះបញ្ជីលក់មូលបត្រទាំងអស់ និងក្រុមហ៊ុនសារព័ត៌មានជាច្រើន។
ការបង្ហាញព័ត៌មានសាជីវកម្ម គឺជាយន្តការមួយក្នុងការផ្តល់ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយដល់ភាគហ៊ុនិក និងអ្នកវិនិយោគសាធារណៈ ដើម្បីដឹងពីសុខភាពរបស់ក្រុមហ៊ុន និងការសម្រេចចិត្តវិនិយោគ។
ក្នុងគោលបំណងដើម្បីធានាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការបង្ហាញព័ត៌មានសាជីវកម្ម និងការការពារផលប្រយោជន៍របស់អ្នកវិនិយោគសាធារណៈឱ្យកាន់តែប្រសើរជាងមុន គ.ម.ក. បានវិសោធនកម្មប្រកាសស្តីពីការបង្ហាញព័ត៌មានសាជីវកម្ម លេខ០០២/១២ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ មកជាប្រកាសលេខ០០៧/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបង្ហាញព័ត៌មានសាជីវកម្ម។
ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះបុគ្គលចុះបញ្ជីលក់មូលបត្រ និងបុគ្គលពាក់ព័ន្ធក្នុងការផ្តល់ព័ត៌មាន និងរបាយការណ៍ដែលត្រូវបង្ហាញ។ ព័ត៌មានសាជីវកម្មដែលបុគ្គលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុល ត្រូវបង្ហាញជាសាធារណៈ មាន ៤ (បួន) ប្រភេទ រួមមាន ព័ត៌មានទាន់ពេល របាយការណ៍សាមាយិក ព័ត៌មានពិសេស និងព័ត៌មានតាមការស្នើសុំ៕